ព័ត៌មានជាតិ

កម្ពុជា ដាក់ចេញគោលការណ៍៤ចំណុច ដោះស្រាយ ការប្រែប្រួល អាកាសធាតុ

ភ្នំពេញ៖ ក្នុងនាមជាប្រទេស បញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុ្ងងការដោះស្រាយការប្រែប្រួល អាកាសធាតុ តាមរយៈគោលការណ៍៤ចំណុច។ នេះបើតាមការអះអាងរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាពនិងជាប្រធានប្រតិភូកម្ពុជា បានឡើងថ្លែង ក្នុងកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេស កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

គោលការណ៍ទាំង៤ចំណុច រួមមាន៖

១) បានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង ៤០០ មេហ្កាវ៉ាត់ ដែលតំណាងឱ្យ ១៥% នៃប្រភពថាមពលរបស់យើង
២) មិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី
៣) មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ
៤) កាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០»។

ក្នុងឱកាសនោះ លោក សាយ សំអាល់ បានលើកឡើងថា នេះគឺជាការជួបជុំ ដែលមិនធ្លាប់មានពីមុនមក របស់យើង ដោយសារតែជំងឺរាតត្បាតកូវីដ១៩ និងដោយសារតែការប្រែប្រួលអាកាសធាតុ លែងជាពាក្យចចាមអារ៉ាម ទៀតហើយ។ ការប្រែប្រួលអាកាសធាតុ ក៏ដូចជាជំងឺរាតត្បាតសកលផងដែរ មិនបញ្ឈប់ត្រឹមព្រំដែន របស់យើងទេ ហើយវត្តមានរបស់យើង នៅទីនេះជាសញ្ញា ដែលធានាថាក្នុងនាម ជាមេដឹកនំាពិភពលោក យើងមិនបោះបង់ការទទួលខុសត្រូវ រួមរបស់យើងចំពោះ សកម្មភាពអាកាសធាតុទេ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិ នៅតែមិនទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ ជាពិសេសសម្រាប់ផ្នែកការបន្ស៊ាំ ដែលយើងឃើញថានៅតែមានការលំបាក ក្នុងការទទួលបាន សម្រាប់ប្រទេសដែលងាយរងគ្រោះបំផុត ដោយសារអាកាសធាតុ។

លោក សាយ សំអាល់ បានបញ្ជាក់ថា «សូមអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ បង្កើនការរួមចំណែករបស់គេ ចំពោះយន្តការហិរញ្ញវត្ថុក្រោមអនុសញ្ញា ហើយជួយសម្រួលបន្ថែមទៀត ក្នុងការទទួលបានមូលនិធិទាំងនេះ ដោយផ្ទាល់»។

សូមបញ្ជាក់ថា កម្ពុជាបានដាក់ជូន នូវរបាយការណ៍ Updated NDC ជាមួយនឹងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន ៤២% ត្រឹមឆ្នំា២០៣០។ ជាងនេះកម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្ត អភិវឌ្ឍន៍រយៈពេលវែងប្រកប ដោយអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់ សកម្មភាពបញ្ចេញកាបូនតិច មានភាពធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍ តាមបែបបរិយាប័ន្ន ៕

To Top