ព័ត៌មានជាតិ

រដ្ឋមន្ដ្រីបរិស្ថាន និងភាគីពាក់ព័ន្ធឯកភាព សិក្សាស៊ីជម្រៅ ពីការអភិវឌ្ឍ​សេដ្ឋកិច្ចបៃតង នៅកម្ពុជា (Video)

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និងលោក Asad Naqvi ប្រធានលេខាធិការដ្ឋាន​ កម្មវិធីភាពជាដៃគូ សម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (Partnership for Action on Green Economy-PAGE) និងដៃគូពាក់ព័ន្ធជាច្រើនទៀត បានឯកភាពឲ្យមាន ការសិក្សាស៊ីជម្រៅ អំពីការអភិវឌ្ឍសេដ្ឋកិច្ចបៃតង នៅកម្ពុជា ដើម្បីកំណត់រកសកម្មភាព និងអនុសាសន៍គោលនយោបាយ សម្រាប់សេដ្ឋកិច្ចបៃតង។

ក្នុងកិច្ចប្រជុំជាមួយ លោក Asad Naqvi ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ លើបរិវត្តកម្មសេដ្ឋកិច្ចបៃតង (Green Economy Transformation) សម្រាប់កម្ពុជា នាថ្ងៃទី៤ កក្កដា លោក សាយ សំអាល់ បានលើកឡើងថា កម្ពុជាចាប់អារម្មណ៍ ក្នុងការជំរុញឲ្យមានសេដ្ឋកិច្ចបៃតង។ ដោយលោកបានស្នើឲ្យមាន ការពិភាក្សាស៊ីជម្រៅ ជាមួយអ្នកជំនាញជាតិ និងសិក្សាច្បាស់ពីអ្វី ដែលកម្ពុជាត្រូវ ឬគួរធ្វើដើម្បីជំរុញឲ្យ មានបរិវត្តកម្មសេដ្ឋកិច្ចបៃតង ក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសនោះតំណាង PAGE បានជម្រាបពីបទពិសោធន៍សកលមួយចំនួន ក្នុងការជំរុញវិស័យផ្សេងៗនៃសេដ្ឋកិច្ច ដើម្បីជំរុញការផ្លាស់ប្តូរ ទៅកាន់សេដ្ឋកិច្ចបៃតង ដូចជាការដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ប្រសិទ្ធភាពថាមពល ការប្រើប្រាស់ធនធានប្រកបដោយ ប្រសិទ្ធភាពក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាដើម ដែលនឹងបង្កើតឲ្យមានប្រាក់ចំណូល ការងារ ភាពក្រីក្រ និងពង្រឹងមូលដ្ឋានគ្រឹះអេកូឡូស៊ីសេដ្ឋកិច្ច។

ជាលទ្ធផលចម្បងៗ នៃកិច្ចប្រជុំនេះ រួមមាន៖ ទី១-ឯកភាពឲ្យមានការសិក្សាស៊ីជម្រៅ អំពីការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដើម្បីកំណត់រកសកម្មភាព និងអនុសាសន៍គោលនយោបាយ សម្រាប់សេដ្ឋកិច្ចបៃតង ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពជាអ្នកសម្របសម្រួល ជាមួយ PAGE និងទី២-ការជួបពិភាក្សាកម្រិតនយោបាយសម្រាប់ កំណត់យុទ្ធសាស្រ្ត ចំណុចចាប់ផ្តើម និងការសម្របសម្រួល ក្នុងការអនុវត្តសេដ្ឋកិច្ចបៃតង៕

To Top