ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ អាមេរិកដាក់ទណ្ឌកម្មលោក ចៅ ភិរុណ និងលោក ទៀ វិញ គ្មានប្រសិទ្ធភាព (Video)

ភ្នំពេញ ៖ សហរដ្ឋអាមរិកបានប្រកាសដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ លើមន្រ្តីខ្មែរជាន់ខ្ពស់២រូបបន្ថែមទៀតហើយ គឺលោកនាយឧត្ដមសេនីយ៍ ចៅ ភិរុណ ជាអគ្គនាយកនៃនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងលោកនាយឧត្ដមនាវី ទៀ វិញ ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា គ្មានប្រសិទ្ធភាពឡើយ ព្រោះគ្មានអ្នកណាចង់ទៅអាមេរិក ហើយក៏គ្មានជនបរទេសអាមេរិកណាមួយមករកស៊ីជាមួយខ្មែរដែរ ។

យោងតាមការចេញផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាថ្ងៃ១១ វិច្ឆិកានេះ បានឲ្យឹងថា “មានការប្តេជ្ញាចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេដើម្បីសុខសន្តិភាព ភាពរុងរឿង ប្រជាធិបតេយ្យ និងអនាគតប្រកបដោយសមធម៌។ ដើម្បីគាំទ្រចំពោះការប្តេជ្ញានេះ យើងប្រកាសនូវការរឹតបន្តឹងថ្មីលើផ្នែកទិដ្ឋាការចំពោះ លោក ចៅ ភិរុណ និង លោក ទៀ វិញ ដោយសារតែការប្រព្រឹត្តអំពើពុករលួយ” ។

បើតាមការផ្សាយរបស់វិទ្យុអាស៊ី ដកស្រងចេញពីរតនាគារជាតិអាមេរិក គឺលោក ចៅ ភិរុណ និង លោក ទៀ វិញ ពាក់ព័ន្ធនឹងគម្រោងសាងសង់ និងកែលម្អកំពង់ផែកងទ័ពជើងទឹករាមនៅក្រុងព្រះសីហនុ។ ក្នុងនោះសូម្បីក្រុមគ្រួសារលោកទាំង២ក៏បានហាមឃាត់ផងដែរ។ សម្រាប់ទណ្ឌកម្មនេះដែរ ក៏មិនឲ្យជនជាតិ-ក្រុមហ៊ុនអាមេរិកទាំងអស់រកស៊ី ឬធ្វើប្រតិបត្តិការសាច់ប្រាក់ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយលោកទាំង២។

លោក សុខ ឥសាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១១ វិច្ឆិកា ថា រាជរដ្ឋាភិបាលកម្ពុជាបានបើកទូលាយពីការអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាម ដូច្នេះកម្ពុជាមានតួនាភារកិច្ចអភិវឌ្ឍន៍នៅក្នុងប្រទេសរបស់ខ្លួន។

លោកបញ្ជាក់ថា “ដូច្នេះហើយចំពោះជនបរទេសដាក់ទណ្ឌកម្មយ៉ាងណាៗ ជារឿងរបស់គាត់ ក៏ប៉ុន្តែខ្ញុំយល់ថា ការដាក់ទណ្ឌកម្មបែបណាក៏ដោយ វាអត់មានប្រសិទ្ធភាពទេ” ។

អត់មានប្រសិទ្ធភាពនោះ លោកឲ្យដឹងទៀតថា “មូលហេតុអត់មានប្រសិទ្ធភាពបិទទិដ្ឋាការគេមិនឲ្យទៅអាមេរិក ហើយបើគេមិនចង់ទៅផង បានអីមានប្រសិទ្ធភាព ។ មួយទៀតរឹបអូសលុយ ឬមិនរកស៊ីជាមួយ បើវា(អាមេរិក)អត់រកស៊ីជាមួយយើងផង យើងមានប្រសិទ្ធភាពអីបិទជាមួយក្រុមហ៊ុនគេ” ។

លោក សុខ ឥសានឲ្យដឹងទៀតថា ទោះបីអាមេរិកដាក់ទណ្ឌកម្មបែបនេះក៏ដោយ ក៏ខ្មែរអត់ទាក់ទងសម្របសម្រួលជាមួយទូតអាមេរិកឡើយ ព្រោះបើធ្វើទៅក៏គ្មានប្រយោជន៍ដែរ ដោយសាររាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក នៅតែមានទំនាក់ទំនងល្អជាមួយគ្នាដដែល ។

ទាក់ទងនឹងកំពង់ផែរាមនេះ អាមេរិកតែងតែលើកយកមកនិយាយ ដោយបានចោទថា កម្ពុជាបានផ្ដល់មូលដ្ឋានឲ្យកងទ័ពចិន ទោះបីមានការបញ្ជាក់យ៉ាងច្បាស់ៗ ជាច្រើនលើក ច្រើនសារ ពីរាជរដ្ឋាភិបាលកម្ពុជា ។

សូមបញ្ជាក់ថា គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២១នេះ អាមេរិកបានដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់ និងអ្នករកស៊ីខ្មែរចំនួន៥នាក់ហើយ រួមមាន ៖ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស លោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ចៅ ភិរុណ លោក ទៀ វិញ និងលោកឧកញ៉ា ទ្រី ភាព ។

ទូតអាមេរិកក៏បានបញ្ជាក់ថែមទៀតថា អាមេរិក ក៏បញ្ជាក់ជាថ្មីផងដែរនូវគណនេយ្យភាព ចំពោះសកម្មភាពបទឧក្រិដ្ឋ ការធ្វើជំនួញពុករលួយ និងការរំលោភបំពានផ្នែកសិទ្ធិមនុស្ស តាមរយៈកិច្ចប្រឹងប្រែងលើសកម្មភាពរួមគ្នាក្នុងរដ្ឋាភិបាល និងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ៕

To Top