ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវឲ្យពលរដ្ឋយកចិត្តទុកដាក់ បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃបុណ្យអុំទូក

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវយកចិត្តទុកដាក់ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

តាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី១២ វិច្ឆិកា នេះ សម្ដេច ស ខេង បានបញ្ជាក់ថា «ក្នុងឱកាសដែលរាជរដ្ឋាភិបាល បានប្រកាសបើកដំណើរការគ្រប់វិស័យនៅទូទាំងប្រទេសឡើងវិញ បន្ទាប់ពីបានធូរស្រាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩កន្លងមក និងបានអនុញ្ញាតឲ្យមានការឈប់សម្រាក និងលើកទឹកចិត្តឲ្យមានការដើរកំសាន្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សូមអំពាវនាវ ដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់បន្ថែមពីលើការអនុវត្តវិធានការ ៣ ការពារ និង៣កុំ ព្រមជាមួយ នឹងវិធានការសុខាភិបាលផ្សេងទៀត សំដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃការឆ្លង ជំងឺកូវីដ-១៩ សូមមេត្តាខិតខំយកចិត្តទុកដាក់ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក»។

លើសពីនេះទៀត សម្ដេច បានសង្ឃឹម និងជឿជាក់លើអ្នកប្រើប្រាស់ផ្លូវ គ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវ សុវត្ថិភាព ក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ និងជានិច្ចកាលគ្រប់ ពេលធ្វើដំណើរ សំដៅធានាឲ្យមានសេចក្តីសុខ សុភមង្គល ជីវភាពរុងរឿងក្នុងសង្គមដែលមានការអភិវឌ្ឍ និងសុខ សន្តិភាពប្រកបដោយចីរភាព។

សូមរំលឹកថា ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២១នេះ អាស្រ័យដោយប្រទេសជាតិមានសន្តិភាព ជាមួយនឹងការខិតខំ ប្រឹងប្រែងយ៉ាងសកម្ម ក្នុងការរក្សាសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍របស់សមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋបានចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានធ្វើឲ្យចំនួនគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ គឺគ្រោះថ្នាក់ថយចំនួន ២២% ស្លាប់ថយចំនួន ១៦% និងរបួសថយ ២៩% ភាគច្រើនជនរងគ្រោះចំនួន៧១%ជាអ្នកជិះទោចក្រយានយន្តមិនពាក់មួកសុវត្ថិភាព៕

To Top