ព័ត៌មានជាតិ

រដ្ឋបាលរាជធានី បញ្ជាក់បន្ថែមថា ម្ចាស់កម្មវិធី ត្រូវជូនដំណឹងមករដ្ឋបាលសង្កាត់ ចំពោះការប្រារព្ធពិធីធំដុំនានា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីកែសម្រួលចំពោះការអនុញ្ញាត ឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា នៅរាជធានីភ្នំពេញ ដោយមិនកំណត់ចំនួនអ្នកចូលរួម ប៉ុន្តែអាស្រ័យទៅតាមទីតាំងប្រារព្ធពិធី ដែលអាចធានាបានការ រក្សាគម្លាតសុវត្ថិភាពសង្គម បុគ្គល និងវិធានសុខាភិបាល ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា តទៅ ។

ក្នុងសេចក្តីប្រកាសដដែលនោះ ត្រង់ប្រការ២ បានបញ្ជាក់ថា ចំពោះការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាប្រពៃណីនានា ម្ចាស់កម្មវិធី ត្រូវមានទីតាំងឯកជន សមស្របសម្រាប់រៀបចំកម្មវិធី និងត្រូវជូនដំណឹងមករដ្ឋបាលសង្កាត់ នៃទីតាំងប្រារព្ធជាមុនសិន ដើម្បីចុះពិនិត្យទីតាំងធំឬតូច សមមាត្រទៅនឹងចំនួនអ្នកចូលរួម រួចទើបសម្រេចជូន ។

ក្នុងនោះ ម្ចាស់កម្មវិធី ត្រូវចុះកិច្ចសន្យាជាមួយ រដ្ឋបាលសង្កាត់នៃទីតាំងប្រារព្ធ ដើម្បីទទួលខុសត្រូវអនុវត្តតាមគោលការណ៍ រក្សាគម្លាតសុវត្ថិភាពសង្គម បុគ្គល ការបង្ហាញបណ្ណចាក់វ៉ាក់សាំង កូវីដ១៩ និងអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដា ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យ ប្រពៃណីនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគោលការណ៍ណែនាំ របស់ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេស ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឹងម៉ាត់ គឺកាតព្វកិច្ចពាក់ម៉ាស់ (លើកលែងតែពេល ទទួលទានអាហារ ភេសជ្ជៈ) ការធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគ ការវាស់កម្ពៅ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ៕

To Top