ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូនេស៊ី អនុម័តនូវគោលការណ៍ ណែនាំការស្ដារឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ សម្រាប់តភ្ជាប់ដឹកជញ្ជូន ទំនិញតាមផ្លូវគោក ជាអន្តរជាតិ

ភ្នំពេញ ៖ កិច្ចប្រជុំរដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ាន លើកទី២៧ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Budi Karya Sumadi រដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូន ឥណ្ឌូនេស៊ី បានអនុម័តនូវគោលការណ៍ ណែនាំការស្ដារឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ សម្រាប់តភ្ជាប់ដឹកជញ្ជូន ទំនិញតាមផ្លូវគោក ជាអន្តរជាតិ ប្រកបដោយភាពធន់ ។

យោងតាមសេចក្តីប្រកាសរួមថ្នាក់រដ្ឋមន្ដ្រី ស្ដីពី កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន លើកទី២៧ (ATM) តាមប្រព័ន្ធអនឡាញ ចេញផ្សាយដោយ ក្រសួងសាធារណការ នាថ្ងៃទី១៣ វិច្ឆិកា បាន ឱ្យ ដឹង ថា « កិច្ចប្រជុំ បានស្វាគមន៍ ចំពោះការអនុម័ត នូវគោលការណ៍ ណែនាំការ ស្ដារឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ សម្រាប់ការតភ្ជាប់ការ ដឹកជញ្ជូនទំនិញតាមផ្លូវគោក ជាអន្តរជាតិ ប្រកបដោយភាពធន់ និងចីរភាពនៅក្នុងអាស៊ាន ដោយឧត្តមមន្រ្តី ដឹកជញ្ជូនអាស៊ាន ដែលនឹងគាំទ្រដល់ប្រទេសជាសមាជិកអាស៊ាន ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺរាតត្បាត នៅក្នុងវិស័យអាទិភាពទាំង៣ រួមមាន ៖ សុវត្ថិភាពក្នុងការដឹកជញ្ជូន ដោយ និងការបណ្តុះបណ្តាល , ការរក្សាការតភ្ជាប់ការដឹកជញ្ជូន ទំនិញតាមផ្លូវគោក, ការកសាងឡើងវិញ កាន់តែប្រសើរ តាមរយៈការតភ្ជាប់ការដឹកជញ្ជូន ទំនិញតាមផ្លូវគោក ដោយឌីជីថល ភាពធន់ និង ការកាត់បន្ថយសារធាតុកាបូន»។

ជាងនេះទៅទៀត កិច្ចប្រជុំ ត្រូវបានចង្អុលណែនាំ ដោយលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងទី៣៩ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្តីពីការជំរុញការ ផ្លាស់ប្តូរ ឬបរិវត្តឌីជីថល ហើយបានបញ្ជាក់ម្តងទៀតថា ការផ្លាស់ប្តូរឬបរិវត្ត ឌីជីថល គឺជាបញ្ហាអន្តរវិស័យ ដែលទាមទារ ឱ្យមានសកម្មភាព សម្របសម្រួល ពីវិស័យដឹកជញ្ជូនផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងដំណើរឆ្ពោះ ទៅកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការពន្លឿនការផ្លាស់ប្តូរ ឬបរិវត្តឌីជីថលសម្រាប់ការដឹកជញ្ជូន និងភ័ស្តុភារកម្ម ឱ្យកាន់តែមានភាពធន់ជាងមុន នៅក្នុងតំបន់អាស៊ាន» ត្រូវបានធ្វើឡើងជាប់ជាមួយ នឹងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាន លើកទី២៧ ដើម្បីពង្រឹងភាពជាដៃគូ ការតភ្ជាប់កាន់តែប្រសើឡើង ជួយឱ្យសេដ្ឋកិច្ចរីកចម្រើន និង មានភាពប្រកួតប្រជែង កាន់តែច្រើន សម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាព និងសំខាន់ជាងនេះទៅទៀត ដើម្បីការងើបឡើងកាន់តែខ្លាំង ពីវិបត្តិជំងឺរាតត្បាត ។

បន្ថែមពីលើកនោះ អង្គប្រជុំ បានយល់ព្រមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី ដឹកជញ្ជូនអាស៊ាន លើកទី២៨ នៅប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំ២០២២ ខាងមុខ៕

To Top