ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យ នៅទំនប់អាងទឹក ត្រពាំងបឹង នៅស្រុកឈូក ខេត្តកំពត

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម អមដំណើរដោយ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពត ក្រុមមន្រ្តីបច្ចេកទេស នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ ស្ថានភាព អាងទឹកមួយចំនួន ក្នុងខេត្តកំពត ដោយនៅព្រឹកនេះ បានចុះពិនិត្យនៅទំនប់អាងទឹកត្រពាំងបឹង ស្ថិតនៅក្នុងឃុំសត្វពង ស្រុកឈូក ខេត្តកំពត ។

សូមបញ្ជាក់ជូនជ្រាបថា ប្រព័ន្ធធារាសាស្រ្តអាងទឹកត្រពាំងបឹង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ជួសជុលស្តារឡើងវិញ ក្នុងឆ្នាំ២០១៧ និងកែលម្អជាបន្ត បន្ទាប់រហូតពេលដល់បច្ចុប្បន្ននេះ មានសមត្ថភាពស្តុកទឹកបានប្រមាណ ៦លានម៉ែត្រគូប បម្រើការងារ ស្រោចស្រពលើផ្ទៃដីស្រូវវស្សា ស្រូវប្រាំង និងដំណាំរួមផ្សំ ប្រមាណ ២.០០០ហិកតា ព្រមទាំងទឹកប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅតំបន់នេះ ។

ទីតាំងទំនប់អាងទឹកត្រពាំងបឹង មានលក្ខណ:អំណោយផល ផ្នែកភូមិសាស្រ្តបានជួយរក្សាទុកទឹក ប្រើប្រាស់ក្នុងស្រុកឈូក ដែលជាតំបន់ខ្សត់ប្រភពទឹក ហើយបច្ចុប្បន្នបន្ទាប់ពី អនុវត្តគម្រោងជីកប្រឡាយជើងក្អែក ដោយពលកម្ម ចាប់ពីឆ្នាំ២០២០ និងក្នុងឆ្នាំ២០២១នេះ បានធ្វើទំនើបកម្ម ដែលអនុញ្ញាត ឲ្យប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រព ដោយបើកទឹកបង្ហូរ ចូលស្រែតែម្តង ។

ក្នុងឱកាសចុះត្រួតពិនិត្យនេះ លោករដ្ឋមន្ដ្រី បានដាក់ផែនការ ឲ្យលោកប្រធានមន្ទីរ ធនធានទឹក និង ឧតុនិយមខេត្តកំពត ធ្វើការសិក្សារលើការ លើកជាទំនប់សណ្តរ បន្ថែមនៅតាមតំបន់ទំនាប ក្នុងគោលបំណង រក្សាបរិមាណទឹកក្នុងអាង ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីបម្រើការងារដាំដុះ របស់ប្រជាកសិករ និងជាពហុប្រយោជន៍ ជួយសម្រួលដល់ជីវភាព បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ៕

To Top