ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ថ្លែងព្រះរាជសុន្ទរកថា ក្នុងមហាសន្និបាតអង្គការ យូណេស្កូ ដោយមានការចូលរួម ពីបណ្តាប្រមុខរដ្ឋ ចំនួនជាង២០ប្រទេស នាទីក្រុងប៉ារីស ប្រទេសបារាំង ។ មហាសន្និបាតអង្គការយូណេស្កូ រៀបចំឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយផ្តោតលើសមិទ្ធផលសំខាន់ៗ របស់អង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា ។
គួររំលឹកថា ព្រះមហាក្សត្រខ្មែរ បានយាងចាកចេញ ពីកម្ពុជា កាលពីព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមមហាសន្និបាត លើកទី៤១ របស់អង្គការ យូណេស្កូ ដែលធ្វើឡើង នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ព្រះអង្គបានយាង ដល់ទីក្រុងប៉ារីស ប្រទេសបារាំង ប្រកបដោយ ព្រះសុខសុវត្ថិភាព នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា អង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតជាសំខាន់ទៅលើការអប់រំ វិទ្យាសាស្ត្រ និងការអប់រំ។ អង្គការនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥។ អង្គការនេះ ធ្វើបេសកកម្មពិសេស ក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។
កម្ពុជា បានចូលជាសមាជិកអង្គការ យូណេស្កូ (UNESCO) នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១ ។ ការិយាល័យអង្គការយូណេស្កូ នៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១។ យូណេស្កូនៅកម្ពុជា ធ្វើការងារនៅក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ សម្រាប់កម្ពុជា (UNDAF) ឆ្នាំ២០១៩-២០២៣ ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ទំនង និងព័ត៌មាន, មរតកវប្បធម៌, សេរីភាព នៃការបញ្ចេញមតិ និងវិទ្យាសាស្រ្តធម្មជាតិ ដើម្បីជាមធ្យោបាយឆ្ពោះទៅសម្រេចបាននូវ របៀបវាៈ នៃការអភិវឌ្ឍប្រកប ដោយចីរភាពឆ្នាំ២០៣០ ។
បន្ទាប់ពីតំបន់អង្គរ ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិមួយ សម្រាប់ការអភិរក្ស និងការអភិវឌ្ឍ តំបន់ប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩៣ ។
ការបង្កើត ICC-Angkor គឺកើតចេញពីលក្ខខណ្ឌ កំណត់ដោយគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ដើម្បីទទួលស្គាល់ តំបន់អង្គរទៅក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ យូណេស្កូ ។
ប្រាសាទរបស់កម្ពុជា ចំនួន៣ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក តាមរយៈមហាសន្និបាទអង្គការ យូណេស្កូនេះ រួមមាន៖ ប្រាសាទអង្គរ ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក នៅឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ និងតំបន់ប្រាសាទ សម្បូរព្រៃគុក នៅឆ្នាំ២០១៧។
ចំណែកសម្បត្តិវប្បធម៌ អរូបិយ របស់កម្ពុជាចំនួន៥ ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ យូណេស្កូ ផងដែរ រួមមាន ៖ ល្ខោនខោល ដាក់បញ្ចូល នៅឆ្នាំ២០១៨, ចាប៉ីដងវែង នៅឆ្នាំ២០១៦, ល្បែងទាញព្រ័ត្រ នៅឆ្នាំ២០១៥, របាំព្រះរាជទ្រព្យ នៅឆ្នាំ២០០៨ និងល្ខោនស្រមោលស្បែកធំ នៅឆ្នាំ២០០៨ ។
ជាមួយគ្នានេះ គុនល្បុក្កតោ ក៏ត្រូវបានស្នើឲ្យយូណេស្កូ ពិចារណាដើម្បីដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អរូបិយផងដែរ៕