ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព តាមរយៈ Video Conference នាថ្ងៃទី១៥ ខែវិច្ឆិកានេះ បានជំរុញឲ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងការអនុវត្តវិធាន៣កុំនិង៣ការពារ របស់សម្ដេចតេជោ ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក ។
លោក ឃួង ស្រេង បានថ្លែងថាក្នុងឱកាសឈប់សម្រាក បុណ្យអុំទូក អកអំបុក សំពះព្រះខែដែលនឹងឈានមកដល់ ស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរពីខេត្ត មកលេងនៅរាជធានីភ្នំពេញ ពិសេសត្រូវបង្កើតឲ្យមានការប្រចាំការ ទាំងសមត្ថកិច្ចទាំងអាជ្ញាធរខណ្ឌ សង្កាត់និងមន្ទីរពាក់ព័ន្ធមួយចំនួន។
លោកក៏បញ្ជាក់ ឲ្យប៉ូលីសប៉ុស្តិ៍រដ្ឋបាល ត្រូវមានកម្លាំងប្រចាំការ ដើម្បីទទួលពាក្យបណ្ដឹង បងប្អូនប្រជាពលរដ្ឋ ។
ក្នុងនោះ លោកឃួង ស្រេង បានលើកឡើង ពីបញ្ហាជំងឺកូវីដ-១៩ ត្រូវតែបន្តការយកចិត្តទុកដាក់ អោយខ្លាំងក្លាដដែរ ពោលគឺត្រូវបន្តការផ្សព្វផ្សាយ ការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តឲ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ៣កុំនិង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ៕