ព័ត៌មានជាតិ

សម្តេចតេជោ ៖ កូវីដ-១៩ ផ្លាស់ប្ដូរឥរិយាបថបំពេញ កិច្ចការដែលចាត់ទុកថា ជាវិញ្ញាសារសាកល្បង រវាងអាស៊ី-អឺរ៉ុប

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធាន នៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ បានថ្លែងថា ជំងឺកូវីដ-១៩ ពិតជាបានផ្លាស់ប្តូរបទដ្ឋាន និងឥរិយាបថបំពេញកិច្ចការដែលនេះអាចចាត់ទុកបានថា ជាវិញ្ញាសារសាកល្បង ដល់ការប្ដេជ្ញាចិត្តរវាង អាស៊ី និងអឺរ៉ុប ក្នុងការរក្សាកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពជឿទុកចិត្តគ្នា ។

ក្នុងកិច្ចប្រជុំភាពជាដៃគូសភាព អាស៊ី-អឺរ៉ុប លើកទី១១ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង ដ៏ស្អិតរមួត នៃភាពជាដៃគូអាស៊ី-អឺរ៉ុប ។ សម្ដេចជឿជាក់ថា មិត្តភាព នឹងបន្តរីកលូតលាស់ រឹងមាំ និងគង់វង្សយូរអង្វែង ដើម្បីជាថ្នាលសម្រាប់ជំរុញកិច្ច សហប្រតិបត្តិការ និងការដោះស្រាយនូវវិបត្តិរួមនានា ដែលនឹងប្រឈម នាពេលអនាគត។

សម្ដេចតេជោ មានប្រសាសន៍ថា «ជាការពិតណាស់ ជំងឺកូវីដ-១៩ ពិតជាបានផ្លាស់ប្តូរនូវបទដ្ឋាន និងឥរិយាបថនៃការ បំពេញកិច្ចការ និងការរស់នៅប្រចាំថ្ងៃ របស់យើង ដែលនេះអាចចាត់ទុកបានថា ជាវិញ្ញាសារសាកល្បង ដល់ការប្ដេជ្ញាចិត្តរវាង អាស៊ី និងអឺរ៉ុប ក្នុងការរក្សាបាននូវកិច្ច សហប្រតិបត្តិការមួយ ប្រកបដោយភាពជឿទុកចិត្តគ្នា»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោបន្ដថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានគំរាមកំហែងដល់ និន្នាការនយោបាយ នៃពហុភាគីនិយមសកលក៏ដោយ ក៏ការប្ដេជ្ញាចិត្តក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការ ពុំបានរង្គោះរង្គើឡើយ ។ ផ្ទុយទៅវិញ, កិច្ចសហប្រតិបត្តិការដ៏ រឹងមាំនៃភាពជាដៃគូអាស៊ី-អឺរ៉ុបនឹងធ្វើឱ្យយើងចាកចេញ និងងើបចេញពីវិបត្តិសកលនេះ ជាមួយគ្នា ដោយមិនបោះបង់ និងមិនទុកចោលប្រទេសណាមួយនោះឡើយ ។

សម្ដេចតេជោ បានបន្ថែមថា ស្ថិតក្នុងបរិការណ៍ដ៏លំបាកនេះ, កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប គឺជាយន្តការស្នូល ដ៏សំខាន់មួយសម្រាប់តភ្ជាប់ប្រជាជន និងប្រជាជន រវាងទ្វីបទាំងពីរ ហើយលទ្ធផល នៃកិច្ចប្រជុំនេះ នឹងក្លាយជាធាតុចូល និងអនុសាសន៍ដ៏មានតម្លៃសម្រាប់កិច្ចប្រជុំកំពូលអាស៊ី និងអឺរ៉ុប៕

To Top
×