ព័ត៌មានជាតិ

កម្ពុជា មានចំណាក់ថ្នាក់ឈានមុខគេលើពិភពលោក ក្នុងការចាក់វ៉ាក់សាំងកូវីដ ធ្វើឲ្យប្រជាជនមានស្នាមញញឹមស្រស់ស្អាត ជាថ្មីម្ដងទៀត (Video)

ភ្នំពេញ ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានឲ្យដឹងថា កម្ពុជាមានចំណាក់ថ្នាក់ឈានមុខគេលើពិភពលោក ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ធ្វើឲ្យអត្រាអ្នកឆ្លងជំងឺកូវីដមានភាពធ្លាក់ចុះ ពិសេសនោះ កម្ពុជាវិលទៅរកសភាពដើម គឺប្រជាជនមានស្នាមញញឹមស្រស់ស្អាតជាថ្មីម្ដងទៀត។

ក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន២លានដូស ជាជំនួយរបស់រដ្ឋាភិបាលចិនផ្ដល់ឲ្យកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វ៉ាង វិនធាន បានថ្លែងថា រដ្ឋាភិបាលចិននឹងបន្ដផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកកម្ពុជាទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដនៅកម្ពុជា។

លោករំលឹកថា វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនចំពោះកម្ពុជា លើកទី១ ប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ពេលនោះ ទោះបីប្រសិទ្ធិភាព នៃវ៉ាក់សាំង ត្រូវបានទទួលស្គាល់ដោយឆ្លងកាត់តេស្ដល្បង និងពិសោធន៍ក៏ដោយ ប៉ុន្ដែដោយសារយល់ដឹងអំពីវិរុស វ៉ាក់សាំងមិនទាន់គ្រប់គ្រាន់ ការព្រួយបារម្ភពីប្រសិទ្ធិភាពរបស់វ៉ាក់សាំង សុទ្ធសឹងតែជាការគិតច្រើនតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា «រហូតដល់ពេលបច្ចុប្បន្ននេះ ភាគីចិនបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ មកកាន់កម្ពុជា មានចំនួនជិត៣៩លានដូស រួចមកហើយ ស្មើនឹង៩០ភាគរយ នៃចំនួនសរុបវ៉ាក់សាំងដែលកម្ពុជាទទួលបាន។ វ៉ាក់សាំងចិន មិនត្រឹមតែមានសុវត្ថិភាព មានប្រសិទ្ធភាព ប៉ុណ្ណោះទេ តែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺវិរុស នៅក្នុងប្រទេសកម្ពុជា»។

លោកបានបន្ដថា «យើងខ្ញុំទាំងអស់គ្នារីករាយជាខ្លាំងឃើញថា អត្រានៃការចាក់វ៉ាក់សាំង ក្នុងប្រទេសកម្ពុជា មានចំណាក់ថ្នាក់ឈានមុខគេលើពិភពលោក និងចំនួននៃការឆ្លងជំងឺកូវីដ មានសភាពធ្លាក់ចុះ មកត្រឹម២ខ្ទង់ ហើយអ្នកឆ្លងភាគច្រើនសភាពស្រាល ។ ថ្មីៗនេះ មានសកម្មភាពមាញឹកជាងពេលមុន ក្នុងរាជធានីភ្នំពេញ បានវិលមកវិញហើយ ប្រជាជនកម្ពុជា មានស្នាមញញឹមស្រស់ស្អាតជាថ្មីម្ដង ការវិវត្តន៍ សង្គម សេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា កំពុងស្ដារឡើងវិញ ជាបន្តបន្ទាប់ផងដែរ»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤.០៧៩.០៤៩នាក់៕

To Top