ព័ត៌មានជាតិ

តុលាការ បដិសេធបណ្ដឹង សុំស្ថិតនៅក្រៅឃុំ របស់អតីត មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់-ស្រុក-របស់អតីត គណបក្សសង្គ្រោះជាតិ ចំនួន ១៤នាក់

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានបើកសវនាការជំនុំជម្រះលើ បណ្ដឹងសុំស្ថិតនៅក្រៅឃុំ ជាបណ្ដោះអាសន្ន របស់អតីតមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ និង ស្រុករបស់គណបក្សសង្គ្រោះជាតិ ចំនួន ១៤ នាក់ ដែលរងនូវ ការចោទប្រកាន់ ពីបទ: រួមគំនិតក្បត់ និង ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអសទិ័ ប្រព្រឹត្តកាលចន្លោះ ឆ្នាំ ២០១៧ និង ២០១៨ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

សវនាការនេះ ដឹកនាំដោយ លោកចៅក្រមរស់ ពិសិដ្ឋ ជាប្រធានក្រុមចៅក្រមប្រឹក្សាជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញារងសេង ហៀង គឺជាតំណាងអយ្យការ ព្រមទាំងមានវត្តមានរបស់ ជនជាប់ចោទួាំង ១៤ នាក់ និង លោក សំ សុគង់ ជា មេធាវីការពារក្តី ចូលរួមផងដែរ។

បន្ទាប់ពីការបញ្ចប់ការដេញដោល សាកសួរ ជាប់ចោទទាំងអស់ និង មេធាវីការពារក្តី រយៈពេលពេញមួយព្រឹកធំ,លោកចៅក្រម រស់ ពិសិដ្ឋ បានសម្រេចសេចក្តី ដោយ ប្រកាសបដិសេធបណ្ដឹងសុំស្ថិតនៅក្រៅឃុំរបស់ជនជាប់ចោទទាំង ១៤នាក់ និង មិន អនុញ្ញាតឱ្យ ពួកគេបានស្ថិតនៅក្រៅឃុំ បណ្តោះអាសន្ន ដូចការ ស្នើសុំនោះឡើយ។

លោកចៅក្រម រស់ ពិសិដ្ឋ បានប្រកាសថា សាលាដំបូងរាជធានីភ្នំពេញ នឹងបន្ត សវនាការ អង្គសេចក្ដីរបស់ពួកគេ នៅព្រឹក ថ្ងៃទី៧ និង ៩ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះទៀត។

ទាក់ទងនឹងសេចក្តីសម្រេចរបស់តុលាការខាងលើនេះ, លោកមេធាវីសំ សុគង់ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ការសម្រេចរបស់តុលាការខាងលើនេះ គឺ អយុត្តិធម៌ ចំពោះកូនក្តី ពីព្រោះ វាបានប៉ះពាល់ ដល់សិទ្ធិសេរីភាពរបស់ពួកគេ។

លោកមេធាវីសុគង់ បន្ថែមថា បច្ចុប្បន្ននេះ, កូនក្តីរបស់លោក គឺ ពួកគេ ម្នាក់ៗ សុទ្ធតែមានជម្ងឺរ៉ាំរ៉ារ៉ៃប្រចាំកាយ និង ត្រូវបានឃុំខ្លួន ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ អស់រយៈពេលជិត ២ ឆ្នាំ មកហើយដែរ។

យោងតាមឯកសាររបស់តុលាការ បានអោយដឹងថា: ជនជាប់ចោទទាំង១៤ នាក់ ខាងលើនេះ មានឈ្មោះ :

១.ឃុត ច្រឹក
២.ងិន ឃាង
៣.ទ្បុង ផារី
៤.កែវ ថៃលើស
៥.ថៃ គន្ធា
៦.ជុំ ចាន់
៧.ញ៉ែម វាន
៨.ស៊ុន ធន
៩.ឃឹម ភាណា
១០.សុខ ចាន់ថា
១១.ពៀត ម៉ាប់
១២.យឹម សារ៉េត
១៣.កាក់ កុម្ភារ
១៤.ហេង ច័ន្ទសុទ្ធី ហៅ ធី ៕

ដោយ រស្មី អាកាស

To Top