ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ចុះពិនិត្យកសិដ្ឋានចិញ្ចឹម បង្កងទឹកសាប និងការចិញ្ចឹមជ្រូក របស់កសិករ នៅស្រុកកំពង់ត្របែក

ព្រៃវែង ៖ លោកជា សុមេធីអភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះសំណេះសំណាល និងពិនិត្យមើលស្ថានភាព នៅកសិដ្ឋានចិញ្ចឹមបង្កងទឹកសាប និងការចិញ្ចឹមជ្រូក នៅឃុំកំពង់ត្របែក និងឃុំព្រៃឈរ ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ការចុះពិនិត្យនេះដែរ ក៍មានការចូលរួមជាមួយអាជ្ញាធរ មូលដ្ឋានស្រុកកំពង់ត្របែក កងកម្លាំងទាំងបី មន្ទីរជុំវិញខេត្ត និងមន្រ្តីជំនាញផងដែរ។

លោកជា សុមេធី បានថ្លែងអំណរគុណ ដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានជួយការងារបច្ចេកទេសបន្ថែម ដើម្បីចូលរួមទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ធានាសន្តិសុខស្បៀង និងសេដ្ឋកិច្ចនៅមូលដ្ឋាន ឈានទៅសម្រេចនិរន្តរភាពនៃការផ្គង់ផ្គង និងតម្លៃ។

លោកអភិបាលខេត្ត ថ្លែងនូវការកោតសរសើរ គាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន និងដៃគូអភិវឌ្ឍន៍វិស័យឯកជន ក៏ដូចជារដ្ឋបាលជលផល ដែលបានសហការ សម្របសម្រួល ដើម្បីអោយដំណើរការវិនិយោគការចិញ្ចឹមបង្កង ក៏ដូចជាការចិញ្ចឹមជ្រូក និងសត្វផ្សេងៗ សម្រេចទទួលបានជោគជ័យ ជាពិសេសអោយត្រូវតាមស្តង់ដារទីផ្សារ គឺនិរន្តរភាពបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍របស់យើង ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីរប្បកម្មទឹកសាប (ខេត្តព្រៃវែង) ក្នុងឱកាសដែលសម្តេចអញ្ជើញទៅសំណេះសំណាល និងចែកកូនត្រីអណ្តែង និងកូនកង្កែបជូនវារីវប្បករ ។

ក្នុងដំណើរចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅកសិដ្ឋានចិញ្ចឹមបង្កងនិងកសិដ្ឋានចិញ្ចឹមជ្រូកនេះដែរលោកអភិបាលខេត្តពិនិត្យឃើញការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមបង្កងពូជថ្មីនៅតំបន់នេះ អាចផ្តល់ជូននូវការធានា សុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល ជំរុញ និង បង្កើនផលិតកម្មផ្គត់ផ្គង់អោយទីផ្សារ ក្នុងបរិបទនៃការរីករាលដាលជាសកល នៃជំងឺឆ្លងកូវីដ-១៩ ។
ស្រះចិញ្ចឹមកំពុងដំណើរការចិញ្ចឹម កូនបង្កងបែបធម្មជាតិ នៅកន្លែងនេះមាន៖ *ស្រះទី១ ទំហំ ១៦មx១៥ម ដាក់កូនបង្កងចំនួន ៧៥០០កូន រយះពេល៥ខែ ។
*ស្រះទី២ មានទំហំ ២២មx១៦ ម ដាក់កូនបង្កងសរុបចំនួន១០៥០០កូន រយៈពេល ៤ខែ ។
*ស្រះទី៣ ទំហំ ២៤មx១៦ម ដាក់កូនបង្កង ចំនួន ៥០០០កូន (រកកូនមិនបាន)
*ស្រះទី៤ ទំហំ ៤០មx១៣ម កំពុងរៀបចំស្រះដាក់ចិញ្ចឹម និងអាចដាក់បាន ១៥០០កូន៕

To Top