ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ប្រាប់ទូតអូស្ដ្រាលីថា កម្ពុជាត្រូវការថវិកា ៤៨ពាន់លានដុល្លារ អនុវត្តគម្រោង៣៣០

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទូតអូស្ដ្រាលីថា កម្ពុជាត្រូវការថវិកា ប្រមាណ៤៨ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងចំនួន៣៣០គម្រោងដែលកំណត់ ក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ។

ក្នុងជំនួបពិភាក្សាការងារ ទ្វេភាគីជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅសណ្ឋាគារ Raffles Le Royal នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «កម្ពុជាត្រូវការថវិកាប្រមាណ ៤៨ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងចំនួន៣៣០ ដែលត្រូវបានកំណត់ នៅក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់ក្នុងរយៈពេល ១០ឆ្នាំខាងមុខ»។

ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា គម្រោងស្ថាបនា កំពង់ផែនៅស្រុកដងទង់ ខេត្តកោះកុង ប្រើប្រាស់ថវិកាជាតិ កំពង់ផែខេត្តកំពតនិងខេត្តកែប គម្រោងពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ពីពីរគន្លងទៅបួនគន្លង ពីកៅស៊ូពីរ ស្រទាប់ស្តើង (DBST) ទៅបេតុងកៅស៊ូ (AC) ដើម្បីឲ្យសមស្របនឹងកំណើនសេដ្ឋកិច្ច និងកំណើនដឹក ជញ្ជូន។

លោកក៏ស្នើអូស្ត្រាលីពិនិត្យ និងធ្វើបច្ចុប្បន្នភាពស្តង់ដាបច្ចេកទេសសាងសង់ផ្លូវ និងស្ពានរបស់ប្រទេសអូស្ត្រាលី (P4i) ដើម្បីឲ្យស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងប្រែប្រួលអាកាសធាតុ និងបានបញ្ជាក់ថា «កម្ពុជាបានអនុវត្តតាមស្តង់ដានេះ អស់រយៈពេលជាង១០ឆ្នាំកន្លងទៅហើយ»។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានធ្វើការកត់សម្គាល់សំណើទាំងឡាយដែល បានលើកឡើងដោយ លោកទេសរដ្ឋមន្ត្រី និងសន្យាឆ្លើយតប ប្រកបដោយវិជ្ជមាន។ បន្ថែមពីលើនេះ លោកឯកអគ្គរដ្ឋទូត បានសម្តែងចំណាប់អារម្មណ៍របស់ខ្លួន លើការអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយ បម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅកម្ពុជា៕

To Top