ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ណែនាំប្រុងប្រយ័ត្ន ចំពោះអាកាសចុះត្រជាក់ បង្កឲ្យមានជំងឺផ្សេងៗ ឬឆ្លងឡើងវិញនូវជំងឺកូវីដ

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសចុះត្រជាក់ បង្កឲ្យមានជំងឺផ្សេង ឬឆ្លងឡើងវិញនូវជំងឺកូវីដ-១៩ ជាយថាហេតុ ដែលបណ្ដាប្រទេសមួយចំនួន ជួបប្រទះរួចទៅហើយ។

តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៨ វិច្ឆិកា លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូ ដល់ខែមករា នៃឆ្នាំ គឺភាគច្រើនមានដូចជាជំងឺផ្លូវដង្ហើម ដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្ត្រិបតូកូក ដែលបង្កឲ្យមានរោគសញ្ញា ដូចជា ៖ គ្រុនផ្តាសាយ ហូរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះពោះវៀនដោយពពួកវីរុស ឬការឆ្លងឡើងវិញនូវជំងឺកូវីដ-១៩ ជាយថាហេតុជាដើម ដែលនៅតាមបណ្តាប្រទេសមួយចំនួន នៅលើសាកលលោក បានជួបប្រទះរួចទៅហើយ»។

លោក បានបន្ដថា ទារក កុមារនិង មនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់។ ទារកបាត់បង់កំដៅរាងកាយរហ័ស ជាងមនុស្សធំ ហើយមនុស្សចាស់ សរីរាង្គពិបាកទប់ទល់ ជាមួយអាកាសធាតុត្រជាក់ ផងដែរ។ លើសពីនេះទៅទៀត ទារក និងកុមារតូច មិនអាចរក្សាកំដៅរាងកាយ ឲ្យបានគ្រប់បានទេ បើគ្មានជំនួយការត្រឹមត្រូវពីអ្នកថែទាំពួកគេ៕

To Top