ភ្នំពេញ : សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្ពុជានឹងវិនិយោគ លើប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានដោយប្រព័ន្ធកុំព្យូទ័រ ដែលអាចចុះបញ្ជីតាមរយៈវេបសាយ និងបច្ចេកវិទ្យាទូរស័ព្ទ។
ក្នុងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ដ្រី ស្ដីពីការអភិវឌ្ឍប្រព័ន្ធអត្រានុកូលដ្ឋានមួយដ៏រឹងមាំ-ការបញ្ជូលបទពិសោធន៍ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ទៅក្នុងដំណាក់កាលទី២ នៃទសវត្សអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន នាថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូពីចម្ងាយ សម្ដេច ស ខេង បានថ្លែងថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា បានរំខានដល់សកម្មភាពសង្គម-សេដ្ឋកិច្ចទូទៅ ក្នុងនោះ ក៏មានផលប៉ះពាល់លើលទ្ធភាពរបស់រដ្ឋាភិបាលក្នុងការរក្សាការផ្តល់សេវា និងមុខងារអនុវត្តជាប្រចាំ នៃប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានផងដែរ។
សម្ដេច បានបញ្ជាក់ថា «កម្ពុជានឹងវិនិយោគ លើប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានដោយប្រព័ន្ធកុំព្យូទ័រ ដែលអាចចុះបញ្ជីតាមរយៈវេបសាយ និងបច្ចេកវិទ្យាទូរស័ព្ទ និងកំណត់អំពីការកែសម្រួលរបៀបរបបការងារដែលនឹងសម្របសម្រួលដល់ការផ្តល់សេវា និងការចុះបញ្ជីអត្រានុកូលដ្ឋាន»។
សម្ដេច បានបញ្ជាក់បន្តថា យុទ្ធសាស្ត្រ និងវិធានការគួបផ្សំខាងលើ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ភាពអនុគ្រោះ សម្រាប់ការបន្តនិរន្តរភាពនៃការចុះបញ្ជីព្រឹត្តិការណ៍ជីវិត នេះជាការឆ្លើយតបរបស់កម្ពុជាចំពោះបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ដើម្បីរួមចំណែកធ្វើឱ្យប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អាចស្តារឡើងវិញបានយ៉ាងឆាប់រហ័ស និងបន្តដំណើរការបាន។ ជាងនេះទៀត កម្ពុជាកំពុងតែអនុវត្តនូវការផ្ដួចផ្ដើមមួយចំនួនដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ (២០១៧-២០២៦ ក្នុងគោលបំណងជួយដល់ប្រព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន។
សូមរំលឹកផងដែរថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ដ្រី តាមប្រព័ន្ធវិដេអូពីចម្ងាយ នារសៀលនេះ ដោយមានការអញ្ជើញដ៏ខ្ពង់ខ្ពស់ពី លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP៕