នយោបាយ

លោក សុខ ឥសាន ៖ ថៃ លែងជាទីសុវត្ថិភាព សម្រាប់អតីតសកម្មជន អតីតបក្សប្រឆាំង , អស់ទីជម្រកប្រឆាំង រាជរដ្ឋាភិបាលហើយ (Video)

ភ្នំពេញ ៖ ក្រោយពីអាជ្ញាធរថៃបានចាប់បញ្ជូន អតីតសកម្មជននៃអតីតគណបក្សប្រឆាំងមកកម្ពុជា ជាបន្តបន្ទាប់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា “ប្រទេសថៃលែងជាទីសុវត្ថិភាព សម្រាប់ក្រុមឧទ្ទាមក្រៅច្បាប់ទៀតហើយ អស់ទីជម្រកធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា” ។ នេះជាប្រសាសន៍របស់លោក ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នាថ្ងៃ២២ វិច្ឆិកា។

លោកបន្តថា ការចាប់ខ្លួនក្រុមឧទ្ទាមក្រៅច្បាប់បញ្ជូនមកកម្ពុជាវិញ គឺជាលទ្ធផលនៃកិច្ចសហការល្អរវាងកម្ពុជា-ថៃ ហើយលោកថា អ្នកដែលដើរតាម និងធ្វើសកម្មភាពបម្រើក្រុមឧទ្ទាមក្រៅច្បាប់ គឺជាជនល្មើសច្បាប់ ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ វិច្ឆិកា អាជ្ញាធរថៃចាប់បញ្ជូន លោក វឿង សំណាង អតីតចៅសង្កាត់រងនៃអតីតគណបក្សសង្គ្រោះជាតិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងលោក វឿន វាសនា រហ័សនាមហៅក្រញូងព្រៃឡង់សកម្មជនបរិស្ថានមកកម្ពុជាវិញ ក្រោយពួកគេបានភៀសខ្លួនទៅថៃបានរយៈប៉ុន្មានថ្ងៃ បន្ទាប់ពីបញ្ចេញខំមិន រិះគន់ក្នុងហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ចំពោះអ្នកស្រី ឡាញ់ ថាវរី អតីតមេឃុំនៃគណបក្សប្រឆាំង នៅឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានភាគីថៃ បញ្ជូនមកកម្ពុជាវិញ នៅព្រឹកថ្ងៃទី២០ វិច្ឆិកាដែរ ៕

To Top
×