ព័ត៌មានជាតិ

ADB អនុម័តប្រាក់កម្ចី ១៨០លានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្រុងចំនួន៣ នៅកម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់ កម្ចីចំនួន ១៨០លានដុល្លារ ដើម្បីជួយដល់ក្រុង ចំនួន៣នៅកម្ពុជា ធ្វើឲ្យប្រសើរ នូវហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងបង្កើនលទ្ធភាព ប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាពេលថ្មីៗនេះ បានបញ្ជាក់ថា គម្រោងវិនិយោគ ដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) នេះ នឹងជួយប្រជាពលរដ្ឋជាង១៤ម៉ឺននាក់ នៅក្រុងបាវិត កំពត និង ប៉ោយប៉ែត ឲ្យទទួលបានសេវាគ្រប់គ្រង ទឹកលូ និង សំណល់រឹងបានល្អប្រសើរ។ វានឹងជួយទីក្រុងទាំងនេះ កាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឲ្យ ប្រសើរឡើងនូវប្រព័ន្ធ បង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាលក្រុង ក្នុងការផ្តល់សេវាទីក្រុងផងដែរ។

លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ ទីក្រុងរបស់ ADB បានថ្លែងថា «ប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនកំពុង ផ្លាស់ទីលំនៅទៅកាន់ក្រុង លំដាប់ទីពីរ [secondary cities] ប៉ុន្តែ លទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុង រួមទាំងបរិស្ថានមិនសូវល្អ បានធ្វើឲ្យជីវភាពរស់នៅ កាន់តែពិបាក និងប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចទីក្រុង» ។

លោកស្រី បានបន្ដថា គម្រោងនេះ នឹងជួយរាជរដ្ឋាភិបាល ធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និង លើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារ ដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព សេដ្ឋកិច្ច និង ផលប៉ះ ពាល់បរិស្ថាន ដោយសារអនាម័យមិនល្អ ។ វាក៏នឹងជួយអាជ្ញាធរ ក្រុងទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ជាងនេះទៅទៀត ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងនៅកម្ពុជា បានកើនឡើងដល់៦លាននាក់ក្នុងឆ្នាំ ២០១៩ ពី២.៦លាននាក់ ក្នុងឆ្នាំ២០០៨ ដែលបានបង្កជាបញ្ហាប្រឈមដល់រដ្ឋបាល ក្រុង ក្នុងការផ្តល់សេវាកម្ម។ នៅឆ្នាំ២០១៩ ប្រមាណ៤៧% នៃប្រជាពលរដ្ឋរស់នៅតាមទីក្រុងនៅប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់ ទឹកស្អាតតាមលំនៅដ្ឋាន។ ទឹកលូដែលមិនបានសម្អាត ជាទូទៅ ត្រូវបង្ហូរទៅក្នុងទីចំហ តាមរយៈលូរួម និង លូទឹកបង្កប់តាមផ្លូវ ឬ ដោយប្រយោលតាមប្រឡាយចំហ ។ សេវាកម្មសម្អាតសំណល់រឹង ក៏នៅមានកម្រិត។ មួយភាគធំនៃសំណល់រឹងត្រូវបានទុកចោល ចាក់ចូលក្នុងប្រឡាយចំហ ទីវាល ឬ ដុតចោល ។

លើសពីនេះទៀត ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិកម្ពុជា ឆ្នាំ២០១៩-២០២៣ មានគោលបំណងដោះស្រាយ បញ្ហាប្រឈមទាំងនោះ។ ផែនការនេះ ផ្តល់អាទិភាពដល់ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមទាំងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ហើយកំណត់ទិសដៅជាតិសម្រាប់ក្រុងទាំងអស់ ដើម្បីទទួលបាន ទឹកស្អាតត្រឹមឆ្នាំ ២០២៥ និង ពង្រឹងការគ្រប់គ្រងកាកសំណល់រឹង ។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រភាព ជាដៃគូប្រចាំ ប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣ គាំទ្រដល់កំណើន សេដ្ឋកិច្ចនៅតាមច្រករបៀង សេដ្ឋកិច្ច ភាគខាងត្បូង នៃមហាអនុតំបន់មេគង្គ (Greater Mekong Subregion) ដែលរួមមានក្រុងបាវិត កំពត និង ប៉ោយប៉ែត។ ក្រុងបាវិត និង ប៉ោយប៉ែត គឺជាច្រកចូលទៅកាន់ ប្រទេសវៀតណាម និង ប្រទេសថៃ ហើយទីក្រុងកំពង់ផែកំពត បានក្លាយជាគោលដៅ ទេសចរណ៍៕

To Top
×