នយោបាយ

សម្ដេចតេជោ ៖ ក្នុងកិច្ចប្រជុំ អាស៊ាន-ចិន គេសួរខ្ញុំថា លំអៀងទៅចិន សម្តេចថា បើមិនឲ្យពឹងចិន ឲ្យពឹងអ្នកណា?

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងកិច្ចប្រជុំអាស៊ាន-ចិនកាលពីថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០២១ មានបណ្តាមេដឹកនាំមួយចំនួន ដែលជាសមាជិកអាស៊ានបាន ចោទសួរមកកាន់សម្តេចថា សម្តេចបានលំអៀងទៅរកចិន តែសម្តេចតបទៅវិញថា បើមិនឲ្យកម្ពុជាទៅពឹងចិន តើឲ្យពឹងអ្នកណា?

កាលពីថ្ងៃ២២ វិច្ឆិកា សម្តេចតេជោ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ តបតាមការ អញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាន និងជាអ្នករៀបចំកិច្ចប្រជុំនេះ។

ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ បានស្វាគមន៍ រដ្ឋមន្ដ្រីការបរទេសអាស៊ាន និងរដ្ឋមន្ដ្រីការបរទេស នៃប្រទេសG7 ដែលនឹងផ្ដល់ឱកាសឲ្យកម្ពុជា ទទួលបានគម្រោងមួយចំនួន ព្រោះកម្ពុជានៅខ្វះស្ពាន នៅផ្លូវ ។

សម្ដេចតេជោបញ្ជាក់ថា «យើងមិនបានបដិសេធជាមួយគម្រោងដ៏ទៃទៀត យើងស្វាគមន៍ជានិច្ច កុំឲ្យថាយើងលម្អៀងទៅរកចិន។ ពេលប្រជុំ(អាស៊ាន) គេដាក់សំណួរមកថា ឯកឧត្តម ងារទៅរកចិនពេក ខ្ញុំឆ្លើយទៅវិញ បើមិនឲ្យខ្ញុំពឹងចិន ឲ្យខ្ញុំទៅពឹងអ្នកណា ខ្ញុំពន្យល់អំពីស្ពាន អំពីផ្លូវ អំពីវ៉ាក់សាំង បើកុំមានចិន តើមកដល់ពេលនេះ ចាក់វ៉ាក់សាំងបានឬអត់?»

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោបន្ដថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារនេះ ស្ថិតក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ហើយក៏នៅក្នុងយុទ្ធសាស្ដ្រគំនិតផ្តួចផ្ដើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយរបស់ចិនផងដែរ ។

ជាមួយគ្នានេះដែរ កុំឲ្យថា សម្តេចងាកទៅចិន សម្ដេចតេជោ ក៏បានលើកពីស្ពានគីហ្សូណា ស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ដែលជាជំនួយរបស់ជប៉ុន ។ សម្តេចថា “បើមិនឲ្យកម្ពុជាពឹងជប៉ុន តើឲ្យពឹងអ្នកណា?” ខណៈបណ្ដាប្រទេសមួយចំនួនមិនផ្ដល់ឲ្យកម្ពុជាតែថា កម្ពុជាទៅរកចិន-ជប៉ុន។

សម្ដេចតេជោក៏ថ្លែងថា ក្នុងកិច្ចប្រជុំអាស៊ាន-ចិននោះ ចិនក៏បានប្រកាសផ្ដល់ថវិកា១៥០០លានដុល្លារ សម្រាប់អាស៊ានយកមកប្រើប្រាស់ ចំពោះការអភិវឌ្ឍ ក្នុងនោះក៏មានកម្ពុជាដែរ ៕

To Top
×