ព័ត៌មានជាតិ

សម្តេចតេជោ ផ្តាំឲ្យមនុស្សមួយចំនួនត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងសម្តេច នៅដាវ៉ូស ខណៈសម្តេចនឹងទៅប្រជុំនៅទីនោះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ក្រុមប្រឆាំងនៅក្រៅប្រទេស ឲ្យត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងសម្ដេច ឲ្យហើយទៅ ព្រោះសម្ដេច នឹងអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២២ខាងមុខនេះ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ ប្រទេសកម្ពុជា ចាប់ផ្ដើមធ្វើជាប្រធានអាស៊ាន។

សម្ដេចតេជោបញ្ជាក់ថា «សូមប្រាប់ឲ្យហើយត្រៀមធ្វើបាតុកម្ម នៅដាវ៉ូស ប្រាប់កន្លែងឲ្យទៅធ្វើ ។ ឆ្នាំនេះ ហ៊ុន សែន នឹងទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស អ្នកឯងត្រៀមធ្វើបាតុកម្មប្រឆាំងខ្ញុំ នៅណុងទៅ ។ អញ្ជើញទៅឲ្យដល់»។

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើថា ក្រុមប្រឆាំងនៅក្រៅប្រទេសត្រៀមកម្លាំង ៤០០ ទៅ៥០០នាក់ ឲ្យហើយទៅ។ សម្ដេច បានរំលឹកថា កាលឆ្នាំ២០១៧ សម្ដេចទៅទីក្រុងសឺណែវ ប្រទេសស្វីស គ្មានមនុស្សម្នាក់មកធ្វើបាតុកម្មប្រឆាំងសម្ដេច ខណៈមនុស្សរាប់ពាន់នាក់មកទទួលជួបសំណេះសំណាលជាមួយសម្ដេចទៅវិញ។

សម្ដេចតេជោ ក៏បានចំអកចំអន់ឲ្យក្រុមប្រឆាំងនៅក្រៅប្រទេសថា ចង់ឲ្យតុលាការឧក្រិដ្ឋកម្មអន្ដរជាតិចាប់សម្ដេច ទៅចាប់នៅកន្លែងវេទិកាសេដ្ឋកិច្ចពិភពលោកតែម្តងទៅ ៕

To Top