ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល កំពុងរកវិធីដោះស្រាយ ករណីបាក់ផ្លូវមាត់ទន្លេ នៅរកាកោង១

ភ្នំពេញ ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាននិង កំពុងរកវិធីដោះស្រាយ ករណីបាក់ផ្លូវមាត់ទន្លេ ស្ថិតនៅភូមិព្រែកផ្តៅ និងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។

យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោកអភិបាល ខេត្តបានឲ្យដឹងថា នៅរសៀល ថ្ងៃ២៣ វិច្ឆិកា នេះ លោកបានដឹកនាំមន្រ្តី ជំនាញពាក់ព័ន្ធ និងអាជ្ញាធររដ្ឋបាល ស្រុកមុខកំពូល ចុះពិនិត្យ ស្ថានភាពនៃការបាក់ច្រាំងទន្លេ ។

លោកថា ការបាក់នេះ ដោយសារចរន្តលំហូរទឹក ទើបបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នូវផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួនស្ថិតនៅភូមិព្រែកផ្តៅ ។

លោកបន្តថា “ចំពោះការខូចខាតនេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលស្រុក បាននិងកំពុងពិនិត្យ ពិភាក្សា រកវិធីដើម្បីដោះស្រាយភ្លាមៗ ដើម្បីជៀសវាងកុំឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ” ។

អភិបាលខេត្ត ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ និងធ្វើដំណើរតាមផ្លូវនេះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ។

សូមបញ្ជាក់ថា នៅព្រលឹមស្រាងៗព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅក្នុងភូមិពាម ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ដោយសារបាក់ផ្លូវក្នុងទ្រង់ទ្រាយធំជាប់មាត់ទន្លេ ដែលធ្វើឲ្យពួកគាត់ភ័យបារម្ភ ពិបាកក្នុងការធ្វើដំណើរ ឆ្លងកាត់ ទៅវិញទៅមក ៕

To Top