ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា កំពុងថ្លែងសន្ទរកថា ក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូ បាននិងកំពុងអញ្ជើញថ្លែងបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ក្រោមមូលបទ «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី ៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០» ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) រៀបចំធ្វើឡើងដោយ ក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា (CCC) មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូពាក់ព័ន្ធ រៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលអាស៊ី-អឹរ៉ុបលើកទី១៣ (ASEM13)។

វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគិន ធុរជន បញ្ញាវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅ អាស៊ី និងអឺរ៉ុប។

លើសពីនេះទៀត វេទិកានេះ មានការធ្វើបទបង្ហាញ ចំនួន៣ និងកិច្ចពិភាក្សា ចំនួន៣ ពីបណ្តាវាគ្មិនជាតិ និងអន្តរជាតិមកពី អាស៊ី និងអឺរ៉ុប ចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងឧត្តមានុវត្តន៍ លើប្រធានបទមួយចំនួន រួមមាន ៖ ពហុភាគីនិយម, ខ្សែច្រវ៉ាក់តម្លៃសកល, បដិវត្តឧស្សាហកម្ម៤.០ និងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការរួមគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជាតិទាំងមូល៕

To Top