ព័ត៌មានជាតិ

ធនាគារជាតិ ៖ ប្រព័ន្ធទូទាត់សាច់ប្រាក់ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច

ភ្នំពេញ ៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធទូទាត់សាច់ប្រាក់តាមឌីជីថល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការទូទាត់ប្រកបដោយប្រសិទ្ធភាព។

ក្នុងពិធីចុះអនុស្សរណៈយោគយល់ ស្តីពី «សហប្រតិបត្តិការលើបណ្តាញ ប្រព័ន្ធខេមបូឌានស៊ែស្វីច» (Cambodian Shared Switch) នាថ្ងៃទី២៣ វិច្ឆិកា លោកស្រី ជា សិរី បានបញ្ជាក់ថា «ប្រព័ន្ធទូទាត់ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់នូវការទូទាត់ ប្រកបដោយប្រសិទ្ធភាព សម្រាប់ពាណិជ្ជកម្ម និងការផ្ទេរប្រាក់»។

លោកស្រីបន្ដថា ជាមួយនឹងការអភិវឌ្ឍ យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត ដូចជា ៖ ATM/POS, Contactless, Mobile Payment និងQR Payment ដើម្បីជួយសម្រួល ដល់ប្រតិបត្តិការរបស់ពួកគេ និងឆ្លើយតបទៅនឹង តម្រូវការទីផ្សារ។

នាឱកាសនោះដែរ ប្រធានសមាគម ធនាគារនៅកម្ពុជា លោក អ៊ិន ចាន់នី បានឲ្យដឹងថា ពិធីដោះដូរអនុស្សរណៈយោគយល់ ស្តីពី «សហប្រតិបត្តិការ លើការបន្តរអាជ្ញាប័ណ្ណប្រើប្រាស់ Visa Contactless EMV® Chip Specification ដល់បណ្តាញប្រព័ន្ធខេមបូឌានស៊ែស្វីច» ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់ សាច់ប្រាក់ តាមប្រព័ន្ធឌីជីថល អន្តរជាតិ ចំនួន៣គឺ Visa, Mastercard និងUnionPay International គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅរកការសម្របខ្លួន និងការអនុវត្ត សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរទៅជាសង្គមដែលមិនចាយក្រដាស់ប្រាក់។

នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា អ្នកស្រី ជុំ ម៉ូនីកា បានថ្លែងថា តាមរយៈការផ្តល់នូវបច្ចេកវិទ្យាសម្រាប់ការបង្កើតនូវស្លាកសញ្ញាទូទាត់រួម ជូនដល់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការបញ្ជាក់អំពីការ ប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ចំពោះទីផ្សារ។ កត្តានេះ នឹងផ្តល់អត្ថប្រយោជន៍ ដល់ឧស្សាហកម្មទាំងមូល ឲ្យទទួលបាននូវបច្ចេកវិទ្យា ឈានមុខគេបំផុតមួយ របស់ពិភពលោក គាំទ្រដល់ ecosystem សម្រាប់ជម្រុញវិស័យទូទាត់ ក្នុងស្រុកឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានគេជឿថា នឹងដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់បន្ថែមទៀត ដោយអនុញ្ញាតឲ្យមានការ អនុម័តប្រព័ន្ធ CSS កាន់តែលឿនសម្រាប់សមាជិក នៃស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជន ក្នុងការប្រើប្រាស់ ប័ណ្ណទូទាត់ និងប្រព័ន្ធ CSS។ ការលើកកម្ពស់ សុវត្ថិភាព និងប្រសិទ្ធភាព នៃប្រព័ន្ធទូទាត់ គឺជាគោលបំណងចម្បង របស់ធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្ររបៀបវារៈបរិយាបន្នហិរញ្ញវត្ថុរបស់របស់រដ្ឋាភិបាល និងឆ្ពោះទៅរកសេដ្ឋកិច្ចគ្មាន ក្រដាស់ប្រាក់ ៕

To Top