ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានបញ្ជូន ខ្លួន បុរស ជនជាតិចិន ចំនួន៣នាក់ ទៅដាក់គុក ជាបណ្ដោះអាសន្ន ដើម្បីរងចាំ ជំនុំជម្រះ តាមនីតិវិធីច្បាប់ សង្ស័យជាប់ពាក់ព័ន្ធនឹង ការចាប់ជំរិត និង បង្ឃាំងជនជាតិថៃ ចំនួន ៩៩ នាក់ និង ចិនជាង ៤០នាក់ នៅខណ្ឌសែនសុខ។
មន្រ្តីនគរបាលបានអោយដឹងថា ជនជាប់ចោទចិនទាំង៣នាក់នេះ មានឈ្មោះ ទី ១-Gao Yong, ទី២-ឈ្មោះ Zhou Hua និងទី-៣ ឈ្មោះ Leng Ren។
ពួកគេទាំង៣នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ចាប់ឃុំឃាំង និង បង្ឃាំងមនុស្សដោយខុសច្បាប់ តាមបញ្ញត្តិមាត្រា ២៥៣ នៃ ក្រមព្រហ្មទណ្ឌ។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន ដោយកម្លាំងសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ និង ខណ្ឌសែនសុខ កាលពីរសៀល ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជាប់ពាក់ព័ន្ធនឹងបទល្មើស ការចាប់ជំរិត និង បង្ឃាំងមនុស្សខុសច្បាប់ នៅកម្ពុជា។
មន្រ្តីនគរបាលបានអោយដឹងថា ក្រោយប្រតិបត្តិការបង្ក្រាប, កម្លាំងសមត្ថកិច្ចនគរបាលបានរំដោះ និង សង្គ្រោះជនជាតិថៃ ចំនួន ៩៩ នាក់ និង ជនជាតិចិន ជាង ៤០នាក់ ថែមទៀត ពី ភូមិគ្រឹះ ចំនួន២ កន្លែង ដែលពួកគេ បានជួលស្ថិតក្នុងខណ្ឌសែនសុខ៕ ដោយ រស្មី អាកាស