ព័ត៌មានជាតិ

កម្ពុជា-វៀតណាម សហការ និងឧបត្ថម្ភគាំទ្រគ្នា ទៅវិញទៅមក ទោះជួបវិបត្តិកូវីដ១៩

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ទោះបី កម្ពុជា-វៀតណាម ប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរសហការគ្នាយ៉ាងល្អ និងជួយឧបត្ថម្ភគាំទ្រគ្នា ទៅវិញ ទៅមក ក្នុងស្មារតីអ្នកជិតខាងល្អ។

ក្នុងឱកាសអនុញ្ញាតឲ្យលោក ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ទើបតែងតាំងថ្មី ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច សាយ ឈុំ បានសម្តែងសេចក្តីរីករាយដែលឃើញទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម មានការរីកចម្រើនជាលំដាប់។

សម្ដេច មានប្រសាសន៍ថា «ទោះបីប្រទេសទាំងពីរប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរ បានសហការគ្នាយ៉ាងល្អ និងបានជួយឧបត្ថម្ភគាំទ្រគ្នា ទៅវិញ ទៅមក ទាំងខាងសម្ភារ ក្នុងស្មារតីជាអ្នកជិតខាងល្អ បងប្អូនល្អ មិត្តល្អ និងជាដៃគូរល្អ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរតែងតែជួបប្រាស្រ័យទាក់ទង បានផ្ញើសារជាមួយគ្នា ដើម្បីអបអរសាទរ និងជូនពរគ្នាទៅវិញទៅមកតាមរយៈប្រព័ន្ធនិម្មិត ជាពិសេសការជួបមុខផ្ទាល់រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ នៅទីក្រុងហាន់ណូយ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១»។

សម្តេច ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា តែងតែគាំទ្រចំពោះរាល់កិច្ចព្រមព្រៀង កិច្ចសន្យាដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើជាមួយនឹងរដ្ឋាភិបាលវៀតណាម និង ថែមទាំងលើកទឹកចិត្ត ដើម្បីឲ្យរដ្ឋាភិបាល នៃប្រទេសទាំងពីរ ខិតខំធ្វើយ៉ាងណា សម្រេចឱ្យបានជាផ្លែផ្កា នូវរាល់កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំងអស់នោះ ក្នុងគោលដៅដើម្បីជំរុញប្រទេសទាំងពីរ ឱ្យមានការរីកចម្រើន។

នាឱកាសនោះដែរ លោក ង្វៀន ហ៊ុយ តាំង បានគូសបញ្ជាក់ថា បក្ស រដ្ឋាភិបាល និង ប្រជាជនវៀតណាម នៅតែចងចាំ និងដឹងគុណជានិច្ច ចំពោះប្រជាជនកម្ពុជា ដែលបានរួមវិភាគទាន ក្នុងការជួយគាំទ្រ ដល់ការតស៊ូ របស់ប្រជាពលរដ្ឋវៀតណាម ក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ការរំដោះ និងការបង្រួបបង្រួមប្រទេសជាតិ រហូតដល់ពេលបច្ចុប្បន្ននេះ ។

លោក បានបន្ដថា ជាមួយគ្នានេះ ក្នុងពេលថ្មីៗនេះ ការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រទេសកម្ពុជា បានជួយឧបត្តមយ៉ាងទាន់ពេលវេលាទាំងថវិកា និងគ្រឿងបរិក្ខារពេទ្យ និងវ៉ាក់សាំងជូនប្រជាជនវៀតណាម។ លោកថា «នេះគឺជាសក្ខីភាពមួយដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ»៕

To Top
×