ព័ត៌មានជាតិ

អ្នកប្រើប្រាស់ រថយន្តពាក់ ស្លាកលេខ ខ.ម មួយចំនួនអត់ចេះ និយាយភាសាខ្មែរ

ភ្នំពេញ៖ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា រថយន្តអត់ពន្ធ ជ្រកក្រោមស្លាកលេខ ខ.ម មួយចំនួន ពេលត្រូវបានឃាត់សួរ ម្ចាស់រថយន្តដែលចុះមក និយាយខ្មែរមិនច្បាស់ ជាពិសេស ស្លាកលេខ ខ.ម ទាំងនោះច្រើន តែបំពាក់លើកូនរថយន្ត និងរថយន្តទំនើប ហួសទៅវិញ ដែលមិនសមសម្រាប់ បម្រើការងារដល់ក្រសួងការពារជាតិ និងធ្វើឲ្យប៉ះ ពាល់ដល់កិត្តិយស ស្ថាប័នក្រសួង ការពារជាតិ ថែមទៀតផង ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីអំពីវឌ្ឍនភាពនៃការអនុវត្ត ការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធ Zoom លោក គុណ ញឹម បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ ពោលប្រមាណជាង២ខែ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទទួលការមកបង់ពន្ធ ពីបុគ្គលឯកជន ដែលប្រើប្រាស់រថយន្តស្លាកលេខ ន.ប និង ខ.ម និងស្លាកលេខស៊ីវិលផ្សេងៗ ចំនួនសរុប ១៦៤០គ្រឿង ក្នុងនោះ ចង្កូតឆ្វេង ៨០៨គ្រឿង និងចង្កូតស្តាំ៨៣២គ្រឿង បានមកបង់ពន្ធស្របតាមច្បាប់ ។

ក្នុងយុទ្ធនាការ ប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស ដែលបំពាក់ស្លាកលេខ ខ.ម និងន.ប ឬផ្សេងៗ ត្រូវបានលោក គុណ ញឹម បញ្ជាក់ថា បានប្រទះឃើញ នូវចំណុចអវិជ្ជមានមួយចំនួន លើកការចេញស្លាខលេខ ខ.ម ទៅបំពាក់លើរថយន្ត ដែលមិនសមទំនង នឹងសម្រាប់បម្រើការ ដល់ក្រសួងការពារជាតិ ជាពិសេសមានម្ចាស់រថយន្ត ជាជនជាតិបរទេសថែមទៀតផង ។

អគ្គនាយកគយបានមានប្រសាសន៍ថា “រថយន្ត កាន់កាប់ដោយបុគ្គលឯកជន ហើយជ្រកក្រោមផ្លាកលេខ ខ.ម និងន.ប និងរថយន្តស៊ីវិល ដែលជារថយន្តស្លាកលេខ ចេញឲ្យមិនត្រឹមត្រូវ មិនស្របតាមគោលការណ៍ សារាចរ០២ អត់មានគោលការណ៍ ពីរាជរដ្ឋាភិបាលផង ក៏ប៉ុន្តែទៅចេញ ខ.ម ឱ្យហើយ ខ.ម នឹង ចេញឱ្យដោយគ្រប់គ្រងមិនបានជិត អាចធ្លាក់ទៅក្នុងចំណោមនោះ មានអ្នកប្រើប្រាស់ ជាយោធិន ក្នុងចំណោមនោះ មានអ្នកប្រើប្រាស់ ជាជនស៊ីវិល មិនមែនជាយោធិនទេ ជាជនស៊ីវិល” ។

លោកបានបញ្ជាក់ថា “អ្វីដែលយើងធ្លាប់ជួបប្រទះ ដូចដែលបានជម្រាបលើកមុន ពេលខ្លះ ខ.ម មែន ក៏ប៉ុន្តែដល់ពេលដែលយើងចាប់បាន ចេញមកនិយាយខ្មែរមិនចេញផង និយាយចិនចេញ ប៉ុន្តែនិយាយខ្មែរអត់ចេញ ក៏ប៉ុន្តែជិះរថយន្តផ្លាកលេខ ខ.ម ទាំងអស់នេះគឺជា ខ.ម មិនស្របច្បាប់ មិនស្របតាមគោលការណ៍ នៃស្មារតីនៃសារាចរ០២ ហើយយើងឃើញហើយ ខ.ម ខ្លះ ពេលខ្លះ មើលឃើញតាមផ្លូវ មើលទៅគួរឲ្យវាប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន ក្រសួងការពារជាតិដែល យើងធ្លាប់ឃើញហើយ រថយន្តព្រូស (Prius) ក៏មាន ខ.ម រថយន្តអាតូចៗ សឹងថា អាទីកូ (TICO) ប្រភេទស្រដៀងគ្នាអាតូចៗ ក៏ ខ.ម អាហ្នឹងវាម៉េច ពាក់ខ.ម បម្រើការងារក្រសួងការពារជាតិដែរឬយ៉ាងម៉េច ចឹងបានថា វាមាន ខ.ម តាំងពីអា ៥៧០ ខ.ម ខ្លះ វាទំនើប មែនទែន ប្រណិតមែនទែន ប៉ុន្តែខ.ម” ។

គួរបញ្ជាក់ផងដែរថា អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរកឃើញថា រថយន្តគ្មានពន្ធបំពាក់ស្លាកលេខ ខ.ម មានចំនួនច្រើនជាងគេ ក្នុងចំណោមរថយន្តគ្មានពន្ធសរុប ប្រមាណជា១ម៉ឺនគ្រឿងនៅកម្ពុជា៕

To Top
×