ព័ត៌មានជាតិ

ប.ស.ស. កម្ពុជា ដឹកនាំកិច្ចប្រជុំ​ ក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខ សង្គម​អាស៊ាន​ លើកទី៣៨ តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ បន្ទាប់ពី ​លោក​ ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងនាមជាប្រធាន សមាគមសន្តិសុខសង្គម អាស៊ានឆ្នាំ២០២០-២០២១ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញបើកសិក្ខាសាលា អន្តរជាតិ ស្តីពី “កិច្ចគាំពារសង្គម ក្នុងបរិបទឌីជីថលូបនីយកម្ម និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច” កាលពីពេលម្សិលមិញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះប្រធានសមាគម សន្តិសុខសង្គម អាស៊ានឆ្នាំ២០២០-២០២១​ បានបន្តដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គម អាស៊ាន លើកទី៣៨ (The 38th ASSA Board Meeting) តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។

ក្នុងឱកាសអញ្ជើញបើកកម្មវិធី កិច្ចប្រជុំខាងលើ លោកប្រធានបានថ្លែងឱ្យដឹងថា៖ នេះគឺជាលើកទី២ ហើយ បន្ទាប់ពី ប.ស.ស. កម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គម អាស៊ាន (ASSA) បានប្រព្រឹត្តទៅ តាមរយៈប្រព័ន្ធវីដេអូ។ នេះក៏ដោយសារតែជំងឺកូវីដ-១៩ នៅតែបន្តការគម្រាមកំហែង មិនទាន់ផុតរលត់ទៅវិញនៅឡើយ។

លោកប្រធាន បានបញ្ជាក់ឱ្យដឹងទៀតថា៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៨ (The 38th ASSA Board Meeting) នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីអាចឱ្យសមាជិក​ នៃសមាគមសន្តិសុខសង្គម អាស៊ានទាំងអស់ បានផ្លាស់ប្តូរនូវបទពិសោធន៍ រវាងគ្នាទៅវិញទៅមក ក៏ដូចជាចំណេះដឹងពាក់ព័ន្ធទៅនឹង វិស័យសន្តិសុខសង្គម ដែលកំពុងអនុវត្ត នៅក្នុងបណ្តាប្រទេស នៃសមាជិកនីមួយៗ ព្រមទាំងបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ របស់អង្គភាពជាសមាជិក នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ឱ្យកាន់តែមានភាពល្អប្រសើរឡើង។

គួរបញ្ជាក់ឱ្យដឹងថា៖ សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៩៨ ដែលបានផ្តួចផ្តើមរួមគ្នាឡើងដំបូង ចំនួន ៥ ប្រទេស រួមមាន ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។

រហូតមកដល់បច្ចុប្បន្ន សមាគមនេះ មានសមាជិកដែលជាអង្គភាព សន្តិសុខសង្គម ចំនួន ២២ស្ថាប័ន ក្នុងបណ្តាប្រទេសអាស៊ានទាំង១០ ដែលក្នុងនោះ ប.ស.ស. កម្ពុជា ក៏ជាសមាជិក នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នេះផងដែរ។

បន្ទាប់ពី ប.ស.ស. កម្ពុជាបានក្លាយជាសមាជិក នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ប.ស.ស. កម្ពុជាបានបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយនឹងបណ្តាអង្គភាព សន្តិសុខសង្គម ដែលជាសមាជិក នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងថ្មីៗ លើការអនុវត្តរបបសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ ព្រមទាំងបានទទួលពានរង្វាន់ឆ្នើម លើការពង្រីកវិសាលភាពរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់បុគ្គល នៃវិស័យសាធារណៈ (Extending Social Security Scheme on Occupational Risk for Persons in Public Sector ) ហើយនេះ គឺជាពានរង្វាន់ឆ្នើម លើកទី៥ សម្រាប់បេឡាជាតិសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា យើងផងដែរ។

ក្រៅពីនេះ ប.ស.ស. កម្ពុជាក៏ធ្លាប់ទទួលបានពានរង្វាន់ ស្តីពីការផ្តល់សេវា ធានារ៉ាប់រងសុខភាព សម្រាប់មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន (Health Care Scheme for Public Employees, Former Civil Servants and Veterans) ផងដែរ ពីប្រធានសមាគមសន្តិសុខសង្គមអាស៊ាន ASSA ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៦ (36th ASSA Board Meeting) កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ប្រទេសប៊្រុយណេដារូសាលឹម (Brunei Darussalam)។

សូមបញ្ជាក់ថាៈ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គម អាស៊ានលើកទី៣៨ ខាងលើ ត្រូវបានរៀបចំឡើងដោយអង្គភាព ធានារ៉ាប់រងគ្រោះថ្នាក់ការងារ សម្រាប់កម្មករនិយោជិត (BPJS Ketenagakerjaan) នៅសាធារណៈ រដ្ឋឥណ្ឌូណេស៊ី ដោយមានការចូលរួម ពីសមាជិកអង្គភាព សន្តិសុខសង្គម ដែលជាសមាជិក នៃសមាគមសន្តិសុខសង្គម អាស៊ាន (ASSA) ចំនួន ២២ស្ថាប័ន មកពីបណ្តាប្រទេសអាស៊ានទាំង១០៕

To Top