ព័ត៌មានជាតិ

សម្ដេច ស ខេង ស្នើបារាំង រួមគ្នាជាមួយកម្ពុជា ប្រយុទ្ធប្រឆាំង បទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើពិនិត្យលទ្ធភាពរៀបចំកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-បារាំង លើកការងារ សន្តិសុខ រួមទាំង ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា «ស្នើពិនិត្យលទ្ធភាពរៀបចំនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ គឺក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធនៃភាគីបារាំង លើការងារកិច្ចសហប្រតិបត្តិការ សន្តិសុខ រួមទាំងការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែន និងការកសាងសមត្ថភាព»។

ជាការឆ្លើយតប លោក ហ្សាក់ ប៉ឺឡេត បានឯកភាពចំពោះការលើកឡើងរបស់ សម្ដេច ហើយក៏មានគោលបំណងបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះ ក៏មានកិច្ចសហប្រតិត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសបារាំង ផងដែរ។

លោក ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍកម្ពុជា ពិសេសក្នុងវិស័យសេដ្ឋកិច្ច សង្គម ដែលកត្តានេះ លោក បានលើកឡើងថា ជាចំណុចមួយដែលភាគីទាំងពីរត្រូវតែយកចិត្តទុកដាក់បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខឲ្យកាន់តែសកម្មថែមទៀត ដើម្បីរួមចំណែកធានាការអភិវឌ្ឍ៕

To Top