ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះវិរុសកូវីដ១៩ បំប្លែងខ្លួនថ្មីមួយ ប្រភេទទៀត

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះវិរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ B.1.1.529 ខណៈវិរុសនេះ មាននៅបណ្ដាប្រទេសមួយចំនួនហើយ។

តាមរយៈសារសំឡេង នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ យើងដឹងហើយថា វិរុសនេះវានឹងធ្វើចរាចរណ៍ នៅពេលណាមានដំណើរឆ្លងកាត់ ឬការធ្វើចរាចរណ៍របស់មនុស្ស កាលណាការធ្វើចរាចរណ៍របស់មនុស្សមកពីគ្រប់ទិសទីច្រើន លទ្ធភាពនៃការចម្លងនឹងអាចមាន។ ដូច្នេះយើង ត្រូវមានការប្រុងប្រយ័ត្ន ហើយបង្កើនការប្រុងប្រយ័ត្នរបស់យើងឲ្យបានខ្ពស់ជានិច្ច»។

លោកស្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបន្ដអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ជានិច្ច ជាពិសេស កន្លែងជួបជុំគ្នាច្រើន ត្រូវអនុវត្តវិធានការឲ្យបានត្រឹមត្រូវបំផុត។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី២៦ វិច្ឆិកា នេះបានឱ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ចំនួនខ្នែងSpike Protein 32 បានបំលែង ដែលធ្វើឲ្យខុសគ្នាយ៉ាងខ្លាំងពីវីរុសទម្រង់ដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ហើយវាឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត»។

CDC បានបន្ដថា ប្រភពរកឃើញដំបូង នៅប្រទេសបុតស្វាណា (Botswana) និងចម្លងទៅប្រទេសអាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសមួយចំនួនទៀត ដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ។ មេរោគ បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី32 នេះបានរកឃើញចំនួនពីរករណីនៅក្រុងហុងកុង ដែលធ្វើដំណើរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង៕

To Top
×