ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ឯកសារ៣ដែលមេដឹកនាំអាស៊ី-អឺរ៉ុប អនុម័តគឺឆ្លុះបញ្ចាំង ពីការប្រឹងប្រែងរួមគ្នា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ឯកសារចំនួន៣ ដែលមេដឹកនាំអាស៊ី-អឺរ៉ុប បានអនុម័តនោះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត សាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង អាស៊ី-អឺរ៉ុប។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូល ASEM លើកទី១៣ នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការពិតណាស់ កិច្ចប្រជុំកំពូល ASEM លើកទី១៣ បានផ្តល់ឱកាសដ៏ពិសេស និងទាន់ពេលសម្រាប់ថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នដៃគូ ASEM បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខ ព្រមទាំងផ្តល់នូវដំណោះស្រាយជាក់ស្តែង ទៅលើបញ្ហាប្រឈមតំបន់ និងសកល នាបច្ចុប្បន្ន ដូចជា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញសុវត្ថិភាព និងសុខភាពសាធារណៈ ភាពមានការងារធ្វើរបស់យុវជន ការប្រែប្រួលអាកាសធាតុការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក អំពើភេរវកម្ម និងបញ្ហាសន្តិសុខតំបន់ និងសកល ក្នុងចំណោមបញ្ហាផ្សេងៗជាច្រើនទៀត។

សម្ដេចតេជោ បានបញ្ជាក់ថា «កិច្ចប្រជុំកំពូលនេះ ក៏បានអនុម័តជាផ្លូវការនូវឯកសារលទ្ធផលសំខាន់ៗ ចំនួន៣រួមមាន ៖ សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំកំពូល ASEM លើកទី១៣, សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងឯកសារសកម្មភាពអនាគត ស្តីពីការតភ្ជាប់ ASEM»។

សម្ដេចតេជោ បានបន្ដថា «ការអនុម័តលើឯកសារទាំង៣នេះ ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តសាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នដៃគូ ASEM ទាំងអស់ ក្នុងការចូលរួមពង្រឹងពហុភាគីនិយម ដើម្បីអនាគតនៃភាពជាដៃគូអាស៊ី-អឺរ៉ុប កាន់តែប្រសើរឡើង កាន់តែរឹងមាំ ប្រកបដោយបរិយាប័ន្ន និងមានភាពធន់»។

សម្ដេចតេជោ បានបន្ថែមថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងស្ថាប័នដៃគូ ASEM បន្តប្តេជ្ញាចិត្តខិតខំប្រឹងប្រែងឆ្ពោះទៅការកសាងសហគមន៍ ASEM មួយ ដែលមានភាពសុខដុម ភាពប្រកួតប្រជែង ភាពធន់ និងចីរភាពសម្រាប់ប្រជាជនអាស៊ី និងអឺរ៉ុប ក៏ដូចជាសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ពោរពេញដោយថាមវ័ន្តដោយផ្អែកលើគោលការណ៍ស្នូលរបស់ ASEM គឺ: ភាពមិនផ្លូវការ ភាពបត់បែនបាននិង ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីនៃកុងសង់ស៊ីស និងភាពជាដៃគូស្មើភាព៕

To Top