ព័ត៌មានជាតិ

កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ ដោយជោគជ័យ

ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ដោយជោគជ័យ ជាមួយលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីមោទកភាព ផងដែរ។

សូមជម្រាបជូនថា កម្ពុជា បានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម» ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនេះ ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ/ រដ្ឋាភិបាល ឬតំណាងជាន់ខ្ពស់នៃបណ្តាប្រទេសដៃគូ ASEM ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។

នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) បានក្លាយជាវេទិកាដ៏មានសារសំខាន់មួយ ក្នុងការភ្ជាប់ទំនាក់ទំនងអាស៊ី និងអឺរ៉ុប ព្រមទាំងលើកកម្ពស់ភាពជាដៃគូរវាងទ្វីបទាំងពីរ។ សម្រាប់ដំណើរឆ្ពោះទៅអនាគតនាពេល២៥ឆ្នាំខាងមុខទៀត សម្តេច បានសង្កត់ធ្ងន់ថា ដៃគូ ASEM ចាំបាច់ត្រូវពង្រឹងការប្តេជ្ញាចិត្តទ្វេដង ដើម្បីឈានទៅសម្រេចបានពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ននិងភាពធន់ និងធ្វើឱ្យ ASEM កាន់តែមានភាពលេចធ្លោ និងរឹងមាំនៅក្នុងអភិបាលកិច្ចសកល។

ផ្ទាំងពាណិជ្ជកម្ម

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំ ASEM បានអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣នៃកិច្ចប្រជុំកំពូល ASEM13 រួមមាន ៖ ទី១-សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 ,ទី២-សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩ និងទី៣-ឯកសារសកម្មភាពអនាគត ស្តីពីការតភ្ជាប់ ASEM។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ ASEM បានសម្តែងការកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះបានយ៉ាងល្អឥតខ្ចោះ និងបានអបអរសារទរដ៏ស្មោះស្ម័គ្រជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះការដឹកនាំកិច្ចប្រជុំកំពូលនេះយ៉ាងជោគជ័យ ដែលបានចូលរួមចំណែកដល់ការពង្រឹងពហុភាគីនិយមការធ្វើឱ្យដំណើរការ ASEM កាន់តែរឹងមាំ និងប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព ក្រោយសម័យកាល ជំងឺកូវីដ-១៩។ ថ្នាក់ដឹកនាំរង់ចាំចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៤ នៅអឺរ៉ុប ក្នុងឆ្នាំ២០២៣៕

To Top
×