នយោបាយ

លោក កឹម សុខា ប្រកាសថារូបលោក និង សម រង្ស៊ី មិនមែនជាមនុស្សតែមួយ

ភ្នំពេញ៖ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ (CNRP)  បានប្រកាសថា  រូបលោក និង សម  រង្ស៊ី  មិនមែនជាមនុស្សតែមួយឡើយ​ហើយ ព្រមទាំងព្រមាន លោក សម រង្ស៊ី និង បក្ខពួក​ឱ្យ​ឈប់បំពានមកលើរូបលោក ដោយការយកឈ្មោះ និងរូបថតលោក ទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។

លោក កឹម  សុខា បានលើកឡើងក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ យ៉ាងដូច្នេះថា ” ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយ នឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតិ ឬ គាំទ្រពីខ្ញុំ”។

ផ្ទាំងពាណិជ្ជកម្ម

លោកលើកឡើងទៀតថា “លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ីនិងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដោយយទៅបង្កើតចលនា នយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះ គឺការត្រលប់ទៅគាំទ្រដោយចំហរឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។ ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហ៊ររបស់ខ្ញុំឡើយ”។

លោកបានបញ្ជាក់ថា “អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និង ក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវ ចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ”៕

To Top
×