ព័ត៌មានជាតិ

សម្ដេច ស ខេង៖ បង្កើតការិយាល័យ ច្រកចេញចូលតែមួយ ដើម្បីលុបបំបាត់អំពើពុករលួយ និងភាពអសកម្មផ្សេងៗ (Video)

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការិយា ល័យ ច្រកចេញចូលតែមួយ បានបង្កលក្ខណៈ ងាយស្រួលជូនប្រជាពលរដ្ឋ ដោយតម្លាភាពបំផុត ជាពិសេសនោះ លុបបំបាត់អំពើពុករលួយ និងអំពើអសកម្មផ្សេងៗ។

ក្នុងឱកាសទស្សនកិច្ច ប៉ុស្ដិ៍នគរបាលរដ្ឋបាលដីឥដ្ឋ, បណ្ឌិត្យសភានគរបាលកម្ពុជា និងរដ្ឋបាលស្រុកកៀនស្វាយ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច ស ខេង បានប្រាប់អ្នកសារព័ត៌មានថា ការបង្កើតច្រកចេញចូលតែមួយ គោលបំណងធំបំផុត គឺអនុវត្តន៍គោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីឲ្យជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

សម្ដេចបន្ដថា ការិយាល័យច្រកចេញចូលតែមួយ គឺបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការផ្ដល់សេវាសាធារណៈ ដោយមិនប្រើរយៈពេលយូរ ក្នុងការបានទទួលព័ត៌មានរហ័ស ផ្តល់សេវារដ្ឋបាលរហ័ស និងមានតម្លាភាព។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចបញ្ជាក់ថា «ច្រកចេញចូលតែមួយ បង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ កុំឲ្យគាត់ពិបាកធ្វើដំណើរចុះឡើងទាក់ទង កន្លែងនេះមួយ កន្លែងនោះមួយ តាមផ្ទះផង តាមការិយាល័យផង ពេលវេលា ជូនអី១ខែ ២ខែ ឬ៣ខែ អត់មានព័ត៌មាន ហើយជូនអី មានអំពើអសកម្មផ្សេងៗ ពុករលួយ បន្ថែមទៀត គឺជាបញ្ហា។ ចឹងហើយយើងបង្កើតអាហ្នឹង (ច្រកចេញចូលតែមួយ) គាត់មកកន្លែងនឹង គាត់បានព័ត៌មានរហ័ស ហើយបានសេវារហ័ស និងមានតម្លាភាព គ្មានភាពអសកម្ម»។

សម្ដេចបន្ថែមថា បច្ចុប្បន្នក្រសួងមហាផ្ទៃ កំពុងពិនិត្យលទ្ធភាពចំពោះ សេវារដ្ឋបាលមួយចំនួនបន្ថែមទៀត តាមសិទ្ធអំណាចស្រុក ដែលយកមកដាក់នៅ ច្រកចេញចូលតែមួយបាន។ សម្ដេច បើបើករណីច្រកចេញចូលតែមួយនេះ បម្រើពលរដ្ឋមិនបានល្អ នៅមានករិយាល័យទទួលពាក្យបណ្តឹង ឬការិយាល័យប្រជាពលរដ្ឋ មួយទៀត ដែលទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។

សម្ដេច ស ខេង បានលើកឡើងទៀតថា បើតាមរបាយការណ៍ មកដល់ពេលនេះ ការិយាល័យ ច្រកចេញចូលតែមួយ មាននៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងបាត់ដំបង ត្រូវបានដាក់គ្រប់ស្រុក១០០ភាគរយ។ សម្ដេចថា ខេត្តខ្លះទៀត ដាក់ការិយាយល័យ ១០ ទៅ៥០ភាគរយៈ ខណៈក្រសួងកំពុងជំរុញការងារទាំងនេះ ដើម្បីលើកកម្ពស់ការ ផ្ដល់សេវាជូនប្រជាពលរដ្ឋ ៕

To Top
×