ព័ត៌មានជាតិ

ជម្រះពិរុទ្ធជន បរទេស៣នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ង​ ដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែន ជាង៥ គីឡូក្រាម នៅព្រលានយន្ដហោះ អន្ដរជាតិសៀមរាប

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទ ជនជាតិ បរទេសចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក ជួញដូរ និង ដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន ប្រព្រឹត្តនៅត្រង់ចំណុច ព្រលានយន្តហោះអន្តរជាតិសៀមរាប ស្ថិតនៅភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៩។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទទាំង៣នាក់ មានឈ្មោះ ទី ១- Azumbam Celestine Emeka ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិនីហ្សេរីយ៉ា, ទី ២-ឈ្មោះ Olaru Narcis Manuel ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ រ៉ូម៉ានី ។ និង ទី៣ -ឈ្មោះ Lizandru Vasile Nicolae ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ រ៉ូម៉ានី ។

ក្នុងចំណោម ពួកគេទាំង៣, ឈ្មោះ Azumbam Celestine Emekameke និង ឈ្មោះ Olaru Narcis Manuel ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០ ផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ អស់មួយជីវិត និង ពិន័យជាប្រាក់ចំនួន ៨០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។ រីឯ ឈ្មោះ Lizandru Vasile Nicolae ត្រូវជាប់គុក កំណត់ ២២ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៤០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។

តែពួកគេបានប្តឹងសាលាឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់ពួកគេរក្សាទុកដដែល។ ពួកគេបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅខេត្តសៀមរាប។ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ហូតបានគ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីន ប្រមាណជាង ៥ គីឡូក្រាម៕

ដោយ រស្មី អាកាស

To Top