ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា នឹងទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ប្រទេសចិន ៣ថ្ងៃ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០២១ ។

ការអញ្ជើញទៅបំពេញទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣០ វិច្ឆិកានេះ បានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីជាមួយ លោក វ៉ាង យី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ នៅលើវិស័យផ្សេងៗ រួមមាន៖ ការស្តារឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និងការពារជាតិ ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ។

ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការជាក់លាក់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពហុភាគីសម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ ៕

To Top
×