ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងរ៉ែ ប្រាប់ឡាវថា កម្ពុជា មិនរៀបចំរោងចក្រអគ្គិសនី ប្រើធ្យូងថ្មថ្មីទៀតទេ ប្ដូរមកប្រើ ថាមពលកាបូន (Video)

ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា កម្ពុជា មិនរៀបចំគម្រោងរោងចក្រអគ្គិសនី ប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ ដោយប្តូរមកប្រើប្រភព ថាមពលកាបូនទាប ដូចជា ៖ ឧស្ម័នធម្មជាតិ នាំចូលប្រភេទ LNG ឬអ៊ីដ្រូសែនជំនួសវិញ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Daovong Phonekeo រដ្ឋមន្ត្រីថាមពល និងរ៉ែ ឡាវ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស៊ុយ សែម បានលើកឡើងពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍវិស័យ ថាមពលរបស់កម្ពុជា និងការរៀបចំផែនការ មេអភិវឌ្ឍថាមពលថ្មី ឆ្នាំ២០២២-២០៤០។

លោកបញ្ជាក់ថា «គម្រោង នៃការគិតគូរអំពីការប្រែប្រួល អាកាសធាតុ តាមរយៈការបង្កើន ការប្រើប្រាស់ ថាមពលកកើត ឡើងវិញ និងប្រភពថាមពលផ្សេងទៀត ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន ការមិនរៀបចំគម្រោង អភិវឌ្ឍន៍រោងចក្រអគ្គិសនី ប្រើធ្យូងថ្មថ្មី បន្ថែមទៀតទេ ក្រៅពីគម្រោង ដែលរាជរដ្ឋាភិបាល សម្រេចរួចតាំងពីឆ្នាំ២០១៩ ដោយប្តូរមកប្រើប្រាស់ ប្រភពថាមពលកាបូនទាប ដូចជាឧស្ម័ន ធម្មជាតិនាំចូលប្រភេទ LNG ឬអ៊ីដ្រូសែនជំនួសវិញ» ។

ដោយឡែក លោករដ្ឋមន្ត្រី ថាមពល និងរ៉ែ ឡាវ បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការ ថាមពលរវាងប្រទេសទាំងពីរ នាពេលកន្លងមក ព្រមទាំង ស្នើសុំកម្ពុជា បន្តចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យថាមពលរបស់កម្ពុជា ផងដែរ ។

នាឱកាសនោះដែរ ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យថាមពលទាំងក្របខណ្ឌ បច្ចេកទេសនិងពាណិជ្ជកម្ម បន្ថែមទៀត និងការផ្លាស់ប្តូរទស្សនកិច្ច សិក្សាសម្រាប់គម្រោង វារីអគ្គិសនី នៃប្រទេសទាំងពីរ គឺវារីអគ្គិសនីដនសាហុង និងវារីអគ្គិសនីសេសានក្រោម ២ នាពេលខាងមុខ ៕

To Top