ព័ត៌មានជាតិ

កឹម មនោវិទ្យា ប្រាប់លោក សម រង្ស៊ីថា ឪពុកខ្ញុំមានសិទ្ធិបញ្ចេញមតិហៅដៃគូបោកប្រាស់ បញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន (Video)

ភ្នំពេញ ៖ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា បានចេញមុខមកការពារឪពុករបស់ខ្លួនក្រោយលោក សម រង្ស៊ីបានវាយប្រហារថា លោក កឹម សុខា មានអ្នកនៅពីក្រោយឲ្យនិយាយថា “កឹម សុខា-សម រង្ស៊ីមិនមែនជាមនុស្សតែមួយ” ។

ដោយកញ្ញាថ្លែងថា “ឪពុកខ្ញុំមានសិទ្ធិបញ្ចេញមតិហៅដៃគូបោកប្រាស់ឲ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន”។ នេះជាសាររបស់កញ្ញា កឹម មនោវិទ្យា ដែលបានបង្ហោះនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីឆ្លើយតបចំពោះលោក សម រង្ស៉ី។

កញ្ញាបញ្ជាក់បន្តថា “ភាពជាដៃគូត្រូវបានបញ្ចប់ដោយប្រសិទ្ធភាព នៅពេលដែលដៃគូរបស់គាត់បានអំពាវនាវឲ្យគណបក្ស/ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា បោះបង់ចោលគាត់ នៅពេលដែលគាត់ត្រូវបានជាប់ពន្ធនាគារ និងដឹកនាំយុទ្ធនាការពោរពេញដោយបោកប្រាស់»។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា ជាលើកដំបូងហើយ សម្រាប់លោក កឹម សុខា ដែលកាលពីថ្ងៃ២៨ វិច្ឆិកា បានប្រកាសក្តែងៗក្នុងហ្វេសប៊ុកថា មិនជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ីទៀតទេ ពោលមិនមែនជាមនុស្សតែមួយ ជាមួយលោកសម រង្ស៊ី ។ លោក កឹម សុខាក៏បានព្រមានទៅលោក សម រង្ស៊ី និងបក្ខពួកឲ្យឈប់បំពានមកលើរូបលោក ដោយការយកឈ្មោះ និងរូបថតទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពមហិច្ឆតានយោបាយរបស់ខ្លួនដែលធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។

បន្ទាប់ពីការប្រកាសភ្លាមៗ របស់លោក កឹម សុខា ភ្លាមលោក សម រង្ស៊ី បានថ្លែងបកទៅវិញថា “សេចក្តីថ្លែងការណ៍លោក កឹម សុខា ស្តីពីគណបក្សសង្គ្រោះជាតិ គឺជាលទ្ធផល នៃការគំរាមកំហែង ពីសំណាក់សម្តេច ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុត ចំពោះឯកភាព នៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់” ៕

To Top
×