ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍ជំនុំជម្រះ បុរសរត់តាក់ស៊ីម្នាក់ ពាក់ព័ន្ធការរំលោភសេពសន្ថវ: និងគម្រាមសម្លាប់

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកសវនាការជំនុំជម្រះ​ លើបណ្ដឹងឧទ្ធរណ៍ របស់បុរស​ជាប់ចោទម្នាក់ ដែលមានមុខរបរ ជាអ្នករត់តាក់ស៊ី ជាប់ពាក់ព័ន្ធនឹងការចាប់រំលោភស្ត្រីម្នាក់ និងបានគម្រាមសម្លាប់នាង នៅពេលដែលនាងបានប្តឹងគាត់ ទៅកាន់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨។

លោក ងូន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ មានឈ្មោះ ជួន ធីតា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមុនចាប់ខ្លួន ជាអ្នករត់តាស៊ី មានទីលំនៅផ្ទះជួល​ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ ឆាយ ណារី ភេទស្រី អាយុ៣៤ឆ្នាំ ។

លោកចៅក្រមបានថ្លែងថា ជនជាប់ចោទឈ្មោះ ជួន ធីតា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២ ផ្តន្ទាទោស​ដាក់ពន្ធនាគារកំណត់៥ឆ្នាំ ពីបទរំលោភសេពសន្ថវៈ និងគម្រាមថានឹងសម្លាប់ តាមបញ្ញត្តិមាត្រា ២៣៩ និង ២៣៣ នៃក្រមព្រហ្មទណ្ឌ។ តែគាត់បានប្តឹងឧទ្ធរណ៍។

ផ្ទាំងពាណិជ្ជកម្ម

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន ដោយកងរាជអាវុធហត្ថ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។

នាពេលសវនាការ ជនជាប់ចោទឈ្មោះ ជួន ធីតា បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់គាត់ខាងលើ។ ​ក៏ប៉ុន្តែគាត់បានទទួលស្គាល់ថា ខ្លួនពិតបានរួមរក្ស​ ជាមួយនឹងជនរងគ្រោះមែន តែគឺការព្រមព្រៀងគ្នានោះទេ។ មិនមាននរណា ចាប់បង្ខំនរណា នោះឡើយ។ ជនជាប់ចោទ បានសំណូមពរ ដល់តុលាការឧទ្ធរណ៍ សម្រេចលើកបទចោទប្រកាន់ និងដោះលែងគាត់ អោយមានសេរីភាពវិញ។

សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលដីកា លើសំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ៕ ដោយ រស្មី អាកាស

To Top
×