ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញការជឿជាក់ថា កម្ពុជា នឹងកាត់បន្ថយបាន នូវការបញ្ជូនអ្នកជំងឺមហារីក ទៅព្យាបាលនៅក្រៅប្រទេស ដោយសារមានមន្ទីរពេទ្យច្រើនកន្លែង ទាំងរដ្ឋនិងឯកជន បំពាក់ទៅដោយម៉ាស៊ីន និងឧបករណ៍ទំនើបៗ ជាមួយក្រុមគ្រូពេទ្យជំនាញៗ ។
ក្នុងពិធីសម្ពោធមន្ទីរពេទ្យ សំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺមហារីក គឺមានសង្ឃឹមច្រើនដោយសារថា នៅព្រះរាជាណាចក្រកម្ពុជារបស់យើង មានមន្ទីរពេទ្យជាច្រើន ដែលអាចព្យាបាលជំងឺមហារីកនេះបាន ហើយកាត់បន្ថយនូវការបញ្ជូន អ្នកជំងឺទៅព្យាបាល នៅក្រៅស្រុក និងកាត់បន្ថយថវិកាច្រើនផងដែរ។
មន្ទីរពេទ្យសំរាកព្យាបាលឯកជន ផ្នែកមហារីក អូរ៉េន ឃែនស័រ បានបំពាក់ឧបករណ៍ទំនើបៗ តាមស្ដង់ដារអឺរ៉ុប និងប្រមូលផ្ដុំដោយគ្រូពេទ្យជំនាញៗ ដែលមានសមត្ថភាព គ្រប់គ្រាន់ ក្នុងការធ្វើតេស្ត ស្វែងរកមេរោគ និងព្យាបាលជម្ងឺមហារីក ជូនដល់ប្រជាពលរដ្ឋកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន ។
លោកអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរថា ដើម្បីបង្ខិតសេវាសុខាភិបាល ឱ្យកៀកជិតប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន គណៈអភិបាល បានខិតខំពង្រឹង និងពង្រីកយន្តការ នៃការផ្ដល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈដល់ការចូលរួម របស់សេវាសុខាភិបាលឯកជន ក្នុងនោះ គិតត្រឹមឆ្នាំ២០២១ នេះ នៅរាជធានីភ្នំពេញមាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ចំនួន០៧, មន្ទីរពេទ្យបង្អែកក់រាជធានី ចំនួន ០១ (កម្រិត CPA3), មន្ទីរពេទ្យបង្អែក ថ្នាក់ស្រុកប្រតិបត្តិ ចំនួន ០៧ (កម្រិត CPA1), មណ្ឌលសុខភាព ចំនួន៤៣(កម្រិតMPA) និងប៉ុស្តិ៍សុខភាព ចំនួន ៧ កន្លែង ដែលជាសេវាសុខាភិបាល គ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាលឯកជន ចំនួន ២៧៥៧ ទីតាំង បន្ថែមទៀត កំពុងផ្តល់សេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លោកសាស្ត្រាចារ្យ វជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានមន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ក៏បានបង្ហាញនូវគោលបំណងសំខាន់ នៃការបង្កើតមន្ទីរពេទ្យនេះ គឺដើម្បីចូលរួមបំពេញ នូវកង្វះខាតក្នុងវិស័យសុខាភិបាល សម្រួលដល់ជីវភាព និងការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជំងឺ បង្កើតការងារជូនគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលផ្សេងទៀត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។
លោកបន្ថថា នៅកម្ពុជា ការទទួលបានការពិនិត្យ និងការធ្វើតេស្តស្វែងរកជំងឺមហារីក ដោយម៉ាស៊ីនទំនើប នៅមានកំរិតទាបនៅឡើយ ។ ដូច្នេះដើម្បីឆ្លើយតប ទៅនឹងសេចក្តីត្រូវការព្យាបាលក្នុងស្រុក និងបំពេញបន្ថែម លើសេវាសុខាភិបាល សាធារណៈ ដែលកំពុងជួបការលំបាក និងស្របតាមគោលនយោបាយលើកទឹកចិត្ត ដល់វិស័យឯកជនរបស់រាជរដ្ឋាភិបាល ក្នុងនាមលោកជាអ្នកជំនាញ ជំងឺមហារីកមួយរូប បានសម្រេចចិត្តបណ្តាក់ទុន បង្កើតមន្ទីរពេទ្យនេះឡើង ដោយមានបំពាក់ ឧបករណ៍ទំនើបៗ តាមស្ដង់ដារអឺរ៉ុប និងប្រមូលផ្ដុំដោយគ្រូពេទ្យជំនាញៗ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើតេស្ត ស្វែងរកមេរោគ និងព្យាបាលជំងឺមហារីក ជូនដល់ប្រជាពលរដ្ឋកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន៕