ព័ត៌មានជាតិ

១០ខែ ស៊ីម៉ាក់ រំដោះផ្ទៃដីរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង ៨០លានម៉ែត្រក្រឡា

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានឲ្យដឹងថា លទ្ធផលកិច្ចប្រតិបត្តិការក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១នេះ ស៊ីម៉ាក់ បានធ្វើការរំដោះផ្ទៃដី រងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម សរុបចំនួន ៨៣.៤៤៦.៣៥២ ម៉ែត្រក្រឡា ស្មើនឹង ៨៨,១៣ % នៃផែនការរយៈពេល ១០ខែ (មករា-តុលា) ឆ្នាំ២០២១ ឬស្មើនឹង៧៣,៤៤% នៃផែនការប្រចាំឆ្នាំ។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក ហេង រតនា បានឲ្យដឹងថា លទ្ធផលការងារគ្រប់ មុខព្រួញរបស់អង្គភាព CMAC សម្រាប់រយៈពេល១០ខែ (មករា-តុលា) ឆ្នាំ២០២១កន្លងមកនេះ បានទទួលលទ្ធផលប្រកប ដោយជោគជ័យគួរឲ្យកត់សម្គាល់ បើទោះជាស្ថិតក្នុងបរិបទសកល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏ដោយ។

សូមបញ្ជាក់ជូនថា លទ្ធផល ដែលទទួលបានទាបជាងផែនការ មួយផ្នែកដោយសារការចល័ត ក្រុមពហុជំនាញដែលមានស្រាប់ ពីការបោសសម្អាតទៅធ្វើការ ស្រាវជ្រាវចម្ការមីន/គ្រាប់វិញ ហើយលទ្ធផលស្រាវជ្រាវ កំណត់ចម្ការមីន/គ្រាប់ថ្មីសម្រេចបាន ៥១៤ទីតាំងស្មើនឹង ៨០.៦៥០.៨៣៩ ម៉ែត្រក្រឡា ។

កិច្ចប្រតិបត្តិការនេះរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុប ចំនួន៦៩.៩០៤ គ្រាប់ ព្រមទាំងមានប្រជាពលរដ្ឋ ទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុប ចំនួន ៣៦.៦២៧គ្រួសារ។

ក្នុងរយៈពេលដូចគ្នា ការងារផ្សព្វផ្សាយក៏ បានធ្វើការ អប់រំយល់ដឹងពីគ្រោះថ្នាក់ដោយ សារគ្រាប់មីននិងសំណល់ជាតិផ្ទុះ ពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ១៤.៥៣៨ លើកស្មើនឹង ៤៨០.៨០៦ ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៨៦.៩២៤នាក់។

សំរាប់ពង្រាងផែនការ ឆ្នាំ២០២២ខាងមុខនេះ ស៊ីម៉ាក់មានផែនការរំដោះផ្ទៃដី មានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ចំនួនប្រមាណ១២៥គីឡូម៉ែត្រក្រឡា និងបន្តពង្រឹងសមត្ថភាពជាតិ ក្នុងការដោះស្រាយវិបត្តិ សំណល់គ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍរបស់ រាជរដ្ឋាភិបាលអនុលោមតាមផែនការជាតិ និងការប្តេជ្ញាចិត្តជាមួយ សហគមន៍អន្តរជាតិស្តីពីសំរេច ឱ្យបានអនុសញ្ញាអន្តរជាតិអូតាវ៉ា ត្រឹមចុងឆ្នាំ២០២៥ ៕

To Top