ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ៖ វិមានឯករាជ្យ ត្រូវចាប់ផ្ដើម សាងសង់នៅថ្ងៃទី ៦ ខែធ្នូ ខាងមុខនេះ និងសង់ឲ្យរួច ក្នុងរយៈពេល១ឆ្នាំ

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យគម្រោងសាងសង់ វិមានឯករាជ្យ ខេត្តកំពង់ចាម នាថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ នេះ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា វិមានឯករាជ្យ ខេត្តកំពង់ចាម គ្រោងនិងចាប់ដំណើរ ការសាងសង់ នាថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ នឹងត្រូវសាងសង់ឲ្យរួចរាល់ ជាស្ថាពរក្នុងរយៈពេល មួយឆ្នាំជាកំហិត ។

គួររំលឹកផងដែរថា អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរៀបចំសាងសង់ វិមានឯករាជ្យខេត្តនេះ ដើម្បីរំឭកដល់ថ្ងៃ អនុស្សាវរីយ៍ ៩ វិច្ឆិកា ដែលជាថ្ងៃប្រារព្ធ ទិវាឯករាជ្យជាតិ និងថ្ងៃកំណើត នៃកងយោធពលខេមរភូមិន្ទ ដោយបានជ្រើសរើស យកទីតាំងសាងសង់ នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

ម្យ៉ាងទៀត លោកអភិបាលខេត្ត មានបំណងទុកជាសម្បត្តិវប្បធម៌ ទេសចរណ៍ គឺសំដៅទៅលើទីក្រុងស្អាត និងប្រវត្តិសាស្រ្ត សំដៅទៅលើខួបកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលជាស្នាព្រះហស្ដ របស់ព្រះរមរតនកោដ្ឋ ព្រះបាទនរោត្ដម សីហនុ ដែលព្រះអង្គបានដណ្ដើមឯករាជ្យ បានពីអាណានិគមបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ៕

To Top