ព័ត៌មានជាតិ

ស្ថានីយបន្សុទ្ធទឹកកខ្វក់ទី២ នៅខេត្តព្រះសីហនុមានសមត្ថកិច្ចផលិតបានជាង ៧ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ

ព្រះសីហនុ៖ដើម្បីបន្សុទ្ធទឹកកខ្វក់ និងទឹកស្អុយដែលបានប្រើប្រាស់រួចឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថានមុននឹងបញ្ចេញចោលទៅក្នុងសមុទ្រនោះអាជ្ញាធរខេត្តព្រះសីហនុបានកសាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២ទីតាំងរួចរាល់ហើយ ដែលសព្វថ្ងៃកំពុងប្រើប្រាស់យ៉ាងសកម្មសម្រាប់បន្សុទ្ធ ទឹកនៅទីក្រុងព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹង ថាស្ថានីយប្រព្រឹត្តកម្មនេះផ្ត ល់ផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គមដល់ខេត្តព្រះសីហនុធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរកាន់តែច្រើនឡើងនាថ្ងៃខាងមុខ។ លោកអភិបាលខេត្តបានចាត់ទុកថាវាក៏ជាគម្រោងដ៏មានសារៈសំខាន់មួយសម្រាប់បម្រើផលប្រយោជន៍ខេត្តទាំងក្នុងពេលបច្ចុប្បន្ននិងថ្ងៃអនាគត។

ចំណែកលោក លី រិទ្ធ អគ្គនាយកនៃក្រុមហ៊ុន Xwater Technology Co. Ltdបានឱ្យដឹងថា ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំទី២នេះសព្វថ្ងៃស្ថិតនៅភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧ ២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ស្ថាននីយនេះបានដាក់ឱ្យដំណើរការរយៈពេល៦ខែកន្លងមក។

មកដល់បច្ចុប្បន្នស្ថានីយមួយកន្លែងនេះបានធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់បានប្រមាណ៥៨ម៉ឺនម៉ែត្រគូបហើយ។ លោកថា ទឹកកខ្វក់ក្រោយពីឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រនោះទេ។ លោកថាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥ ២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្ម ទឹកកខ្វក់ក្នុងបរិមាណ ៧.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។

ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នៅឡើយ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់ លេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD។ សូមជម្រាបដែរថាប្រភពទឹកកខ្វក់ដែលចេញពីគេហដ្ឋាននិងអគាររស់នៅរបស់ពលរដ្ឋត្រូវបានប្រមូលផ្តុំនឹងត្រូវបានបញ្ជូនទៅកាន់អាងចម្រោះបឋមតាមរយៈបណ្តាញបំពង់ដែកកាបូន ហើយសំណាញ់ Coarse Screen អាចច្រោះសំរាមឬភាគល្អិតដែលមានទំហំធំជាងឬស្មើ២មីលីមែត្រ។ ទឹកកខ្វក់នេះត្រូវបានបូមឡើងចូលទៅក្នុងអាងទឹកដែលអាចច្រោះសំរាមឬភាគល្អិតដែលមានទំហំធំជាងឬស្មើ៦មីលីម៉ែត្រ ហើយបន្តហូរចូលអាងមួយទៀត ដែលអាចច្រោះភាគល្អិតទំហំ ធំជាងឬស្មើមួយមីលីម៉ែត្រ។ក្នុងដំណាក់កាលអាងចម្រោះបឋមនេះភាគល្អិតនិងសមាសធាតុសរីរាង្គដែលមានទំហំជាងឬស្មើ១មីលីម៉ែត្រត្រូវបានយកចេញ ហើយទឹកកខ្វក់នេះបន្តហូរចូលអាងចម្រោះផ្សេង ទៀតរហូតបានក្លាយជាទឹកស្អាតដែលគេអាចបង្ហូរចូលសមុទ្របានដោយសុវត្តិភាពមិនប៉ះពាល់ដល់បរិស្ថាននិងជីវៈចម្រុះឡើយ។

ក្រៅពីនេះទឹកដែលធ្វើប្រព្រឹត្តិកម្មរួច អាចបង្ហូរចូលសមុទ្របានហើយ ទឹកនេះគេថែមទាំងអាចចិញ្ចឹ មត្រីក្រឹមហើយកាកសំណល់ពីការចម្រោះទឹកកខ្វក់នេះគេអាចយកទៅធ្វើជាជីបម្រើលើវិស័យកសិកម្មបានទៀតផង។

សូមបញ្ជាក់ថាស្ថានីយប្រព្រឹត្តកម្មនេះដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ របស់អ៊ីស្រាអែល MABR វាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៊ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែ លប្រព្រឹត្តកម្មរួច មិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ មានគុណភាពប្រកប ដោយស្តង់ដារខ្ពស់ និងជាស្នាដៃរបស់កូនខ្មែរ ចំនួន៦រូបប៉ុណ្ណោះ៕សំណាង

To Top