ព័ត៌មានជាតិ

សម្ដេចតេជោ ចង់ឃើញការបើក ជើងហោះហើរឡើងវិញរវាង កម្ពុជា-ឥណ្ឌូណេស៊ី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចង់ឱ្យ​មានការបើកជើងហោះហើរឡើងវិញរវាង កម្ពុជា-ឥណ្ឌូណេស៊ី ដោយសារស្ថានភាពកូវីដ-១៩ នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី រីណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងទ្វេភាគី កម្ពុជា-ឥណ្ឌូនេស៊ី មានលក្ខណៈល្អប្រសើរ។

សម្ដេច បញ្ជាក់ថា «ចង់ឃើញមានការបើកជើងហោះហើរឡើងវិញរវាងប្រទេសទាំងពីរ ដោយសារស្ថានភាពកូវីដ-១៩ មានការល្អប្រសើរ ហើយការបើកការហោះហើរឡើងវិញនេះ គឺជារឿងសំខាន់ ដោយស្ថានភាពនៅឥណ្ឌូនេស៊ី ក៏មានស្ថានភាពល្អប្រសើរដែរ ហើយកម្ពុជា សូមអបអរសាទរ និងកោតសរសើរដល់ឥណ្ឌូណេស៊ី ដែលមានការធ្លាក់ចុះនៃការឆ្លងកូវីដ-១៩ នេះ រហូតនៅត្រឹមតែ ២០០ ទៅ៣០០នាក់ ក្នុងមួយថ្ងៃ បើប្រៀបធៀបទៅនឹងប្រជាជនឥណ្ឌូនេស៊ីដ៏ច្រើន ជាង៣០០លាននាក់នោះ»។

ជាការឆ្លើយតប លោកស្រី រីណូ ម៉ាស៊ូឌី បានលើកឡើងថា ពិតជាមានការរីករាយចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា ជាមួយឥណ្ឌូនេស៊ី ជាពិសេស ការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរឡើងវិញ ជារឿងសំខាន់ចំពោះកូវីដ-១៩វិញ។

លោកស្រី កោតសរសើរដល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងកម្ពុជា ដែលមានអត្រានៃការចាក់វ៉ាក់សាំង ៨៨% នេះ គឺលោកស្រី ចាត់ទុកថា ខ្ពស់មែនទែន ហើយលោកស្រី បានលើកឡើងអំពីស្ថានភាពកូវីដ-១៩ នឹងការចាក់វ៉ាក់សាំងនៅប្រទេសឥណ្ឌូនេស៊ីថា ដោយសារប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមួយដែលប្រជុំដោយបណ្ដាកោះទាំងឡាយដូច្នេះយុទ្ធនាការចាក់វ៉ាក់សាំងជាការលំបាក តែទោះជាយ៉ាងណាក៏ដោយ ឥណ្ឌូនេស៊ី បានប្រយុទ្ធប្រឆាំងជោគជ័យ ធ្វើឲ្យអត្រានៃការឆ្លងមានការធ្លាក់ចុះដល់កម្រិតទាបបំផុត៕

To Top