ភ្នំពេញ: សមត្ថកិច្ចនគរបាលខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួន បុរសសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងការចាប់រំលោភសេពសន្ថវ: ទៅលើកុមារីម្នាក់ អាយុ ១១ ឆ្នាំ ដែលត្រូវជាកូនស្រីចុង ប្រព្រឹត្ត នៅចំណុចភូមិណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីយប់ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១។
សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ រម៉ាម ស្វាន ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជាជនជាតិកាចក់ រស់នៅ ភូមិតាណង ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
ចំណែកឯ ជនរងគ្រោះ ជាកុមារីម្នាក់ មានអាយុ ១១ ឆ្នាំ និង ត្រូវជាកូនចុង របស់ជនសង្ស័យ មានទីលំនៅ និង រស់នៅផ្ទះជាមួយនឹងជនសង្ស័យ។
សមត្ថកិច្ចនគរបាលបាននិយាយថា ជនសង្ស័យបានរំលោភជនរងគ្រោះ បន្ទាប់ពីគាត់បញ្ឆោត និង លួងលោម ជនរងគ្រោះ ដើម្បី ទៅចាប់សត្វកង្កែបតែ ២នាក់ នៅតាមវាលស្រែ នៅក្នុងភូមិ នៅពេលយប់ នៅ ម៉ោងប្រមាណ ៨ យប់ កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១។
សមត្ថកិច្ចនគរបាល បាននិយាយថា យោងតាមចម្លើយរបស់ជនរងគ្រោះ បន្ទាប់ពីគាត់ ចាប់រំលោភសេពសន្ថវ: បានសម្រេចលើជនរងគ្រោះ, ជនសង្ស័យ បានហាមឃាត់នាង មិនអោយនិយាយ ប្រាប់ម្តាយរបស់នាង ឬ អ្នកដទៃទៀត។ បើពុំដូច្នោះនោះទេ, គាត់នឹងសម្លាប់ចោល ទាំងម៉ែទាំងកូន។
សមត្ថកិច្ចនគរបាលបានថ្លែងថា នៅក្នុងករណីនេះ ជនសង្ស័យត្រូវបានជាប់ចោទពីបទ: រំលោភសេពសន្ថវ: មានស្ថានទម្ងន់ទោស និង ប្រឈមមុខនឹងការជាប់គុក រហូតដល់១៥ ឆ្នាំ ប្រសិនបើ តុលាការ រកឃើញពី ពិរុទ្ធភាព៕ ដោយ រស្មី អាកាស