ព័ត៌មានជាតិ

ប្រធានាធិបតីចិន៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាមិត្តជិតស្និទ្ធរបស់ប្រជាជន ចិន

ភ្នំពេញ៖ លោកប្រធានាធិបតីចិន Xi Jinping នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះបានថ្វាយសារចូលរួមរំលែកនូវព្រះមរណទុក្ខនៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងជាព្រះប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា។

លោកប្រធានាធិបតីចិន Xi Jinping មានប្រសាសន៍ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាសមាជិកដ៏សំខាន់នៃព្រះរាជវង្សានុវង្សកម្ពុជា និងជាមិត្តជិតស្និទ្ធរបស់ប្រជាជនចិន ហើយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងរួមព្រះរាជសកម្មភាពដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងចិននិងកម្ពុជា។ លោកប្រធានាធិបតីចិន ប្ដេជ្ញាបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងនិងអភិវឌ្ឍន៍ចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជា រីករាយរួមជាមួយព្រះអង្គក្នុងការលើកកម្ពស់ឥតឈប់ឈរនូវចំណងមិត្តភាពរវាងប្រជាជនទាំងពីរកាន់តែស៊ីជម្រៅ បន្តជំរុញកិច្ចកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាបោះជំហានទៅមុខ។

សូមរំលឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបាន យាងសោយទីវង្គត ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង៕

To Top