នយោបាយ

សម្តេចតេជោ ប្រកាសច្បាស់ៗថា កំពុងពង្រឹងអំណាច និងគាំទ្រកូនច្បង ជាបេក្ខជននាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២ធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ទៅក្រុមប្រឆាំងយ៉ាងច្បាស់ៗថា សម្តេចគាំទ្រកូនប្រុសច្បងលោក ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្តេច ហើយសម្តេចនឹងបន្តពង្រឹងអំណាចទៀត ។

សម្តេចបានគូសបញ្ជាក់បន្តថា «ឥឡូវនេះនិយាយត្រង់ៗថា ហ៊ុន សែន ធ្វើនយោបាយគឺដើម្បីពង្រឹងអំណាច «អូខេ» វាមិនដែលអាណាធ្វើហើយ មិនដើម្បីអំណាចនោះទេ! និយាយជាមួយអ្នកឯងឲ្យច្បាស់តែម្តងទៅ »។ សូមផ្តាំទៅអ្នកឯងថា បើកំពុងកាន់អំណាចហើយ មិនធ្វើដើម្បីអំណាច តើយើងធ្វើដើម្បីអ្វី? បើគ្មានអំណាចយើងធ្វើអី!” ។

សម្តេចក៏បានលើកឡើងថា ការធ្វើបច្ចុប្បន្ននេះក៏ដើម្បីកូន ក្នុងការគ្រប់គ្រងអំណាចផងដែរ នៅពេលកូនមានសមត្ថភាព។ សម្តេចថា «ឥឡូវអ្នកឯងថាអ្វីថាទៅ! អ្នកកាន់តែថា ខ្ញុំកាន់តែពង្រឹង។ លោក ហ៊ុន សែនធ្វើនេះ ដើម្បីពង្រឹងអំណាច ចាក់វ៉ាក់សាំងក៏ដើម្បីអំណាច។ ទេ បើចាក់ទៅវ៉ាក់សាំងប្រជាជនស្រឡាញ់ ថាការពារជីវិតគាត់បាន គាត់បោះឆ្នោតឲ្យទៀត នោះធ្វើយ៉ាងម៉េច គឺដើម្បីអំណាច»។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងទៀតថា «ឥឡូវ ហ៊ុន សែន បន្តពង្រឹងអំណាចឲ្យអ្នកឯងធ្វើ ហើយយកទៅវិភាគទៀតទៅ«…» គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សមួយដែលគេបំបែក តាំងពី៤០ឆ្នាំមុន ប៉ុន្តែគណបក្សនេះ មិនព្រមបែក តែពួកឯកនេះ វាបែកខ្លួនឯង ម៉េចមកបន្ទោសគេ»។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា “ការធ្វើនេះ គឺដើម្បីពង្រឹងអំណាច ហើយនិយាយឲ្យច្បាស់ជាមួយគ្នា បើធ្វើជានាយករដ្ឋមន្ត្រីមិនមែនដើម្បីពង្រឹងអំណាច មិនមែននាយករដ្ឋមន្ត្រីទេ ។ ទៅសួរនៅលើពិភពលោក ហើយប្រទេសខ្លះកែរដ្ឋធម្មនុញ្ញ ដើម្បីអំណាចម៉េចគេធ្វើបាន”។

ជាមួយគ្នានោះ សម្តេចប្រកាសគំាទ្រ លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីបន្ត។ សម្តេចគូសបញ្ជាក់ថា «អាញប្រាប់ឯង ឲ្យច្បាស់អាញ គាំទ្រកូនធ្វើជានាយករដ្ឋមន្ត្រីបន្ត ប៉ុន្តែមិនមែនធ្វើក្រៅពីការបោះឆ្នោតនោះទេ គឺត្រូវបោះឆ្នោត ។ និយាយឲ្យច្បាប់ថ្ងៃនេះ បណ្តុះបណ្តាលកូនមិនមែនឲ្យធ្វើជាមេចោរនោះទេ »។

សម្តេចក៏បានលើកឡើងថា សម្តេចមានបំណងចង់ផ្តាច់មិនឲ្យកូនធ្វើនាយករដ្ឋមន្រ្តី ប៉ុន្តែដោយសារមានការបង្ខំពីក្រុមប្រឆាំង ។ សម្តេចថា “អីញ្ចឹងសួមប្រកាសថា ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីហើយឪពុករបស់វាគាំទ្រ និយាយឲ្យច្បាស់អីចឹងតែម្តង កុំឲ្យពិបាកវិភាគទៀតទៅ»។

សម្តេចប្រកាសទៀតថា សម្តេចមិនអត់ឱនឲ្យអ្នកដែលប្រមាណថា កូនសម្តេចជាកូនវៀតណាមនោះទេ ។

សម្តេចក៏បញ្ជាក់ថា ការវិភាគរបស់មនុស្សមួយចំនួនថា បើឲ្យលោកហ៊ុន ម៉ាណែតធ្វើនាយករដ្ឋមន្រ្តី ចុះសម្តេច ស ខេងនោះ? សម្តេចតបថា «ឥឡូវគិតមើល ស ខេង ឥឡូវ៧០ឆ្នាំ ខ្ញុំ៦៩ឆ្នាំ ។ ឧទាហរណ៍ ធ្វើដំណើរជាមួយគ្នា( សម្តេចតេជោ និងសម្តេច ស ខេង ) ដល់២០២៨ នោះ សម្តេចស ខេ ងនឹងមាន អាយុ៧៩ និងសម្តេច ហ៊ុន សែន អាយុ៧៨ តើ ខេងឯងមកធ្វើនាយករដ្ឋមន្ត្រីម៉េចទៀត ? បើអាយុ ប៉ុណ្ណឹង ដឹកនាំដដែលទុកឲ្យហ៊ុន សែន ដឹកនាំបន្ត” ៕

To Top