ព័ត៌មានជាតិ

វ៉ាក់សាំងជួយសង្គ្រោះជីវិត បានបើទោះបីជាមាន ប្រសិទ្ធភាពទាបក៏ដោយ

ហ្សឺណែវ៖ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ទោះបីជាមានភាពមិនច្បាស់លាស់នាពេលបច្ចុប្បន្នលើទម្រង់ឆ្លងថ្មីអូមីក្រុង Omicron ក៏ដោយ ក៏មនុស្សគួរតែនៅតែទទួលថ្នាំបង្ការព្រោះវានឹងជួយសង្រ្គោះជីវិតមនុស្សបាន។

លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសសម្រាប់កម្មវិធីគ្រាអាសន្នសុខភាពរបស់ WHO បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរបស់ WHO ថា ឱកាសនៃអ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ និងស្លាប់គឺទាបជាងអ្នកដែលមិនបានទទួលថ្នាំបង្ការ។

លោកស្រីបានលើកឡើងថា “នៅតែមានភាពមិនប្រាកដប្រជាជាច្រើនជុំវិញទម្រង់ឆ្លងអូមីក្រុង មិនមានការចង្អុលបង្ហាញណាមួយដែលបង្ហាញថាវ៉ាក់សាំងនឹងមិនដំណើរការនោះទេ។ ទោះបីជាមានការថយចុះនៃប្រសិទ្ធភាពក៏ដោយ វានៅតែប្រសើរជាងក្នុងការចាក់វ៉ាក់សាំងព្រោះវានឹងជួយសង្រ្គោះជីវិតរបស់អ្នក”។

ផ្ទាំងពាណិជ្ជកម្ម

កាលពីថ្ងៃពុធផងដែរ កិច្ចប្រជុំពិសេសរយៈពេល ៣ថ្ងៃរបស់មហាសន្និបាតសុខភាពពិភពលោក (WHA) ដែលបានបើកកាលពីថ្ងៃចន្ទ បានសម្រេចចិត្តបង្កើតស្ថាប័នចរចាអន្តររដ្ឋាភិបាល (INB) ដើម្បីធ្វើសេចក្តីព្រាង និងចរចាលើអនុសញ្ញា កិច្ចព្រមព្រៀង ឬឧបករណ៍អន្តរជាតិផ្សេងទៀត ស្តីពីការការពារជំងឺរាតត្បាត ការត្រៀមខ្លួន និងការឆ្លើយតប។ .

INB គ្រោងនឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដើម្បីយល់ព្រមលើមធ្យោបាយនៃការងារ និងពេលវេលា និងកិច្ចប្រជុំលើកទីពីរនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពលើសេចក្តីព្រាងការងារ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក៕

ដោយ ឈូក បូរ៉ា

To Top