ព័ត៌មានជាតិ

ជម្រះបណ្តឹងសារទុក្ខ អតីតមន្ត្រីនគរបាលម្នាក់ ពាក់ព័ន្ធការចាប់បង្ឃាំងកុមារីម្នាក់ ដើម្បីរំលោភសេពសន្ថវ: និង លក់នាងឱ្យរួមភេទជាមួយប្រុសផ្សេង ដើម្បីរកលុយ

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២១ បានបើកសវនាការ ជំនុំជម្រះ លើបណ្ដឹងសារទុក្ខរបស់ ពិរុទ្ធជនម្នាក់ ជាប់ពាក់ព័ន្ធនឹងការចាប់បង្ឃាំងក្មេងស្រីម្នាក់ នៅក្នុងបន្ទប់ជួល ដើម្បីទុកបង្ខំរួមភេទ និង ក្រោយមក បានបង្ខំអោយជនរងគ្រោះ ទៅ រួមភេទ ជាមួយមួយអ្នកដទៃ ដើម្បីយកលុយ ប្រព្រឹត្តនៅភូិមរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង កាលពី អំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៧ និង ខែ មករា ឆ្នាំ ២០១៨។

សវនាការនេះ បានដឹកនាំឡើង ដោយលោកចៅក្រម ជីវ កេង ជាប្រធានចៅក្រមប្រឹក្សា និង មានលោកអគ្គព្រះរាជអាជ្ញារង ឈួន ចាន់ថា គឺជាតំណាងមហាអយ្យការ អមតុលាការកំពូល។

យោងតាមឯកសារតុលាការ បានអោយដឹងថា នៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ, ជនជាប់ ចោទមាន ឈ្មោះ ឌឹម មករា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ មុនចាប់ខ្លួន ជា មន្ត្រីនគរបាលផ្នែកអគ្គីភ័យ បម្រើការ នៅស្នងការដ្ឋាននគរខេត្តព្រៃវែង។

ចំណែកឯ ជនរងគ្រោះ មានអាយុ១៦ ឆ្នាំ មានទីលំនៅ ឃុំចាម, ស្រុកកំពង់ត្របែក, ខេត្តព្រៃវែង។

នៅពេលកើតហេតុនោះ, អ្នកទាំងពីរ គឺ ត្រូវជាគូសង្សារនឹងគ្នា។

ជនជាប់ចោទ ឈ្មោះ ឌឹម មករា ត្រូវបានសាលាដំបូងខេត្តព្រៃវែង កាលពីឆ្នាំ ២០១៩ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ៨ ឆ្នាំ ពីបទ: “សញ្ចរកម្ម មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ ” តាមមាត្រា ២៤១ និង ២៨៩ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទោសរបស់គាត់ រក្សាទុកដដែល។ គាត់បន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ផ្ទាំងពាណិជ្ជកម្ម

ជនជាប់ចោទឈ្មោះ ឌឹម មករា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ តាមបណ្តឹងរបស់កុមារីរងគ្រោះ បន្ទាប់ពីគាត់ បានចាប់បង្ខាំងជនរងគ្រោះ នៅក្នុងបន្ទប់ជួល អស់រយៈពេល ប្រហែល៤ខែ ដើម្បីរំលោភសេពសន្ថវ: និង បានលក់ខ្លួនជនរងគ្រោះ ទៅរួមភេទ ជាមួយ បុរសដទៃទៀត ដើម្បីរកលុយ ( នេះ បើយោងតាម ពាក្យបណ្តឹងរបស់ជនរងគ្រោះ)។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ នៅពេលសវនាការ ជនជាប់ចោទ ឌឹម មករា បានឆ្លើយបដិសេធ និង និយាយថា ប្រាប់តុលាការថា គាត់មិនបានប្រព្រឹត្តអ្វី ដូចការចោទគាត់ខាងលើនេះទេ ។

ទោះបីជាយ៉ាងណាក្តី ជនជាប់ចោទ ឈ្មោះ ឌឹម មករា បានទទួលស្គាល់ថា ខ្លួន និង ជនរងគ្រោះ គឺជាគូសង្សារនឹងគ្នា និង ធ្លាប់បានរួមរស់នៅជាមួយគ្នា មួយរយៈ នៅក្នុងខេត្តព្រៃវែង មុខពេល ដែលខ្លួន ត្រូវបានចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ ជនរងគ្រោះ។

ជនជាប់ចោទ ឌឹម មករា បានសំណូមពរដល់តុលាការកំពូល មេត្តាជួយរកការពិត និង យុត្តិធម៌ ដល់គាត់ និង មេត្តាសម្រេច ដោះលែង រូបគាត់អោយមានសេរីភាពវិញ ។

សំណរឿងក្តីនេះ តុលាការកំពូលបានលើកពេលប្រកាសសាលដីកា ទៅធ្វើ នៅព្រឹកថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ៕

ដោយ រស្មី អាកាស

To Top
×