Covid-19

កម្ពុជា ផ្តល់វ៉ាក់សាំង​ ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំង ៣គ្រឿង ជូនឡាវ រួចហើយ

ភ្នំពេញ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញ ប្រគល់វ៉ាក់សាំងចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿង ជាអំណោយសប្បុរសធម៌ របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនឡាវ រួចរាល់ហើយ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

ពិធីប្រគល់ និងទទួល បានប្រារព្ធធ្វើឡើងនៅ ខេត្តស្ទឹងត្រែងព្រំដែនកម្ពុជា-ឡាវ (ត្រពាំងគ្រៀល-ណងនុឃាន) ។

សូមរំលឹកថា ក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយលោកនាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ បានផ្តល់វ៉ាក់សាំងស៊ីណូហ្វាក់ចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ៣គ្រឿង ជូនឡាវ ។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ទឹកប្រាក់ចំនួន ១៣លានដុល្លារដែរ ។ ក្នុងនោះ ៣លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារ ជាថវិការបស់សប្បុរសជន ។

ជាមួយគ្នានេះ សម្តេចក៏នឹងប្រកាសបន្តផ្តល់រថយន្ត ១០គ្រឿងទៀត ដល់ឡាវផងដែរ នាពេលខាងមុខ ៕

To Top