ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ គម្រោងអភិវឌ្ឍន៍មូលដ្ឋាន ធ្វើឲ្យប្រជាជនរួចផុត ពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរ សប្បាយជាបន្តបន្ទាប់

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២២-២០២៤) នៅមន្ទីរផែនការខេត្ត នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា គម្រោងអភិវឌ្ឍន៍មូលដ្ឋាន ធ្វើឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយ ជាបន្តបន្ទាប់ឥតឈប់ឈរ ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា គម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្ត មានចំនួន ៤៤គម្រោង ដែលត្រូវចំណាយថវិកា ចំនួនជាង ៣៦ លានរៀល និងគម្រោង ដែលមានថវិកា គាំទ្រ មានចំនួន ៣៥៩ គម្រោង ដែលត្រូវចំណាយថវិកាចំនួនជិត ១ពាន់លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២២ ។

លោកអភិបាលខេត្ត បានបន្តថា គម្រោងទាំងនេះ ពិតជាស្ដែងឡើងនូវការរីកចម្រើន លើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើន សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ ប្រទេសជាតិ ឲ្យប្រជាជន រួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរ សប្បាយ ជាបន្តបន្ទាប់ឥតឈប់ឈរ ។

ផ្ទាំងពាណិជ្ជកម្ម

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ទាំងបីប្រភេទនិងអង្គភាព ស្ថាប័នរបស់រដ្ឋបាលខេត្ត បានខិតខំ បំពេញកាតព្វកិច្ច អនុវត្តតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងគោលនយោបាយ កំណែទម្រង់ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របសរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលគួរជាទីពេញចិត្តបានធ្វើឲ្យ ទីក្រុង ទីប្រជុំជន និងជនបទ មានភាពស្រស់បំព្រងគ្រប់រដូវកាល។

ជាក់ស្តែងទោះបីកម្ពុជា រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ មានកម្រិត១៧,៨% ក្នុងនោះ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញ ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត ១២,៦% និងតំបន់ជនបទ ២២,៨% បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងផែនការ កាលពីថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ៕

To Top